ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ខណៈក្រុមពាណិជ្ជករបង្ហាញសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed)នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែមិថុនា ឬឆមាសទី២ ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ អ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប(ECB) និងទិន្នន័យការងាររបស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨%ដល់២.១៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧ភាគរយ ដល់២១៤១,៩ដុល្លារ ក្នុងមួយអោន។
លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តលោហៈធាតុនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “ហេតុផលដ៏ធំ ដែលស្ថិតនៅពីក្រោយការហក់ឡើងថ្លៃនៃតម្លៃហាងឆេងមាស គឺ ទីផ្សារជឿជាក់ថា ពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed កាន់តែខិតជិតមកដល់”។
យោងតាមទិន្នន័យថ្មីៗនេះបានបង្ហាញថា ការផលិតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែកុម្ភៈ ហើយការស្ទង់មតិរបស់សាកលវិទ្យាល័យ Michigan ទៅលើទំនុកចិត្តអ្នកប្រើប្រាស់ក៏ថយចុះផងដែរ។
ទន្ទឹមនឹងនេះ គ្រប់ខ្សែចក្ខុទាំងអស់នឹងផ្តោតទៅលើការអត្ថាធិប្បាយរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ខណៈពេលដែលលោកនឹងត្រូវផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ស្អែកនេះ។
យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគបង្កើនក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។
តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។
នៅថ្ងៃពុធសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងត្រឹម១០៣,៨២ពិន្ទុ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨ភាគរយដល់២៣,៧០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ១,៨ភាគរយដល់៨៨១,២៣ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,១%ដល់៩៤៩,៦៨ដុល្លារក្នុងមួយអោន៕







