ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសេចក្តីណែនាំឲ្យអ្នកសាងសង់ចូលរួម ប្រើប្រាស់ផលិតផល”ថ្មអារ”ក្នុងស្រុកឲ្យអស់លទ្ឋភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ឋ។
ដោយពិនិត្យឃើញបញ្ហាប្រឈម ក្នុងអាជីវកម្មថ្មអារ និងដោយមានសំណើពីសមាគមថ្មក្រានីតកម្ពុជា និងបណ្តាក្រុមហ៊ុនអាជីវកម្មថ្មអារផង រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវគោល នយោបាយលើកទឹកចិត្តឱ្យមាន ការប្រើប្រាស់ថ្មអារក្នុងស្រុក ឱ្យអស់លទ្ធភាព សំដៅលើកកម្ពស់ផលិតផលថ្មអារក្នុងស្រុក កាត់បន្ថយការនាំចូល ផលិតផលថ្មអារពីក្រៅប្រទេស កាត់បន្ថយការគរចោលកាកសំណល់ថ្មនៅតាមតំបន់ការដ្ឋានអណ្តូងរ៉ែ តាមរយៈការកែច្នៃនិងការប្រើប្រាស់ឱ្យអស់លទ្ធភាព និងរួមចំណែកបង្កើត ឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា។
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ២០៦ សជណ.ហធ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាប និងណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដទៃទៀត ត្រូវ ពិនិត្យលទ្ធភាពចូលរួម ចូលរួមប្រើប្រាស់ថ្មអារក្នុងស្រុក ឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋាន សង់នានា ដែលប្រើប្រាស់ថវិការដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានប្រសិទ្ធភាព សាងសង់ និងប្រសិទ្ធផលខ្ពស់។
ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក ថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ ។ល។ ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា៕







