ប្រទេសអ៊ុយក្រែនគ្រោងខ្ចីប្រាក់ជាង១៥ពាន់លានដុល្លារពីមូលនិធិIMFដើម្បីស្តារសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរអ៊ុយក្រែនលើកញ្ចប់កម្ចីដែលមានតម្លៃប្រហែល១៥,៦ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញដែលរងគ្រោះដោយសារសង្គ្រាម។

ប្រទេសអ៊ុយក្រែនបានជាប់គាំងនៅក្នុងសង្រ្គាមដ៏សាហាវជាមួយទាហានរុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានមកលើប្រទេសនេះកាលពីខែកុម្ភៈឆ្នាំ២០២២កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានបេសកកម្មរបស់ IMF លោក Gavin Gray បានអះអាងថា “ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែននៅតែបន្តជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច”។

ផែនការរយៈពេល៤ឆ្នាំ ដែលត្រូវអនុម័តពីក្រុមប្រឹក្សា IMF នឹងគាំទ្រដល់ការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងលើកកម្ពស់កំណើនរយៈពេលវែងក្នុងបរិបទនៃការកសាងឡើងវិញក្រោយសង្គ្រាម និងផ្លូវឆ្ពោះទៅកាន់ការចូលជាសមាជិកសហភាពអឺរ៉ុប។

លោក Gray បានបន្តថា “សកម្មភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនបានធ្លាក់ចុះ៣០ភាគរយកាលពីឆ្នាំមុន ខណៈពេលដែលភាពក្រីក្របានកើនឡើង ហើយមូលធនសង្គមជាច្រើនត្រូវបានបំផ្លាញ”។

លោកបានបន្ថែមថា “IMF ព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែននឹងងើបឡើងវិញបន្តិចម្តងៗនៅត្រីមាសខាងមុខនេះ នៅពេលដែលសកម្មភាពងើបឡើងវិញពីការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបង្កឡើងដោយសារភ្លើងសង្រ្គាម”។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​ “បញ្ហា​ប្រឈម​ម៉ាក្រូសេដ្ឋកិច្ច​ដ៏ស្រួចស្រាវ​នៅ​តែ​បន្ត​ ដោយសារ​ទំហំ​នៃ​វិបត្តិ និង​ការ​ពង្រីក​ឱនភាព​សារពើពន្ធ​”។ ក្រុមប្រឹក្សាភិបាលត្រូវបានគេរំពឹងថានឹងពិចារណាលើថវិកាសង្គ្រោះនៅក្នុងសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាម ​​IMF ៕

LEAVE A REPLY

Please enter your comment!
Please enter your name here