ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា កូរ៉េមុនពេលចូលជាធរមាននៅដើមខែក្រោយ

  ដោយៈ លាងហួរ

ភ្នំពេញៈ នៅដើមឆ្នាំ២០២២នេះ កម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរហូតដល់៣ ក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មពីរបានចូលធរមាននៅដើមឆ្នាំ២០២២ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិននិង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ។

នៅថ្ងៃទី១ ធ្នូ ២០២២ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយទៀតនឹងចូលជាធរមាន គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និង​ប្រទេសកូរ៉េខាងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមានទទួលបានជោគជ័យនិងអត្ថប្រយោជន៍ខ្ពស់ ក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្សព្វផ្សាយទៅដល់អ្នកនាំចេញនៅក្នុងប្រទេសកម្ពុជា មុននឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការជំរុញបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើមាគ៌ានៃការប្រឹងប្រែង បើកទីផ្សារសម្រាប់ការនាំចេញ ឱ្យកាន់តែទូលាយបន្ថែមលើទីផ្សារនាំចេញដែលមានស្រាប់ ជាពិសេសដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងការពឹងផ្អែកលើភាពអនុគ្រោះពាណិជ្ជកម្ម ដែលមានលក្ខណៈឯកត្តោភាគី និងងាយនឹងបាត់បង់ទៅវិញ។

លោកបន្តថា ថ្មីៗនេះកម្ពុជាសម្រេចបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចំនួន៣ រួមមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយចិន ដែលចូលបានជាធរមាននៅថ្ងៃទី០១ មករា ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជសេរីកម្មកម្ពុជាជាមួយកូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២២នេះ ។

លោកឧកញ៉ាលឹម តុង ប្រធានសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិកកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េខាងត្បូង នឹងជំរុញដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ហើយមិនតែប៉ុណ្ណឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងទាក់ទាញវិនិយោគិនកូរ៉េខាងត្បូង ក៏ដូចជា ប្រទេសដៃទៀតចូលមករកការវិនិយោគនៅកម្ពុជា នឹងនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេ​សជាដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាមានរហូតដល់៣មកដល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here