ដោយ: លាងហួរ
ម៉ាឡេស៊ី: មន្ត្រីម៉ាឡេស៊ីបាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ នឹងសម្រួល និងចុះសម្រុងគ្នាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី លោក Lim Ban Hong បាននិយាយថា RCEP នឹងបង្កើតឱ្យមានតម្លាភាពជាក់លាក់ និងផ្អែកលើច្បាប់បន្ថែមទៀត សម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ។
ការព្រមព្រៀងគ្នាលើការធ្វើសម្បទានពន្ធគយក្រោមកិច្ចព្រមព្រៀងRCEP នឹងផ្តល់ដោយផ្ទាល់នូវការជំរុញពាណិជ្ជកម្ម និងបង្កើនសមាហរណកម្មក្នុងតំបន់។ វាក៏ផ្តល់ឱកាសសម្រាប់អ្នកនាំចេញ ដើម្បីពង្រីក និងធ្វើពិពិធកម្មការផ្សព្វផ្សាយទំនិញ និងសេវាកម្មរបស់ពួកគេទៅកាន់ទីផ្សារកាន់តែច្រើន។
លោកបានបន្តថា វាក៏នឹងពង្រឹងការធ្វើសមាហរណកម្មនៃក្រុមហ៊ុន ក្នុងតម្លៃសាកល និងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់គួរឱ្យកត់សម្គាល់ រវាងម៉ាឡេស៊ីនិងចិនផងដែរ។

លោក Lim ក៏បាននិយាយដែរថា RCEP ផ្តល់នូវវេទិកាយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម ដើម្បីសហការ ហើយនេះនឹងអនុញ្ញាតឱ្យមានសមាហរណកម្មសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ តាមរយៈអត្រាពន្ធទាប ការតភ្ជាប់ផ្នែកដឹកជញ្ជូនកាន់តែរឹងមាំ និងប្រព័ន្ធអេកូពាណិជ្ជកម្មដ៏រឹងមាំនៅក្នុងតំបន់។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី លោក Ouyang Yujing បាននិយាយថា ប្រទេសចិន និងម៉ាឡេស៊ីបានឈានដល់កម្រិតខ្ពស់មួយ នៅក្នុងទំនាក់ទំនងរបស់ពួកគេ និងស្ថិតនៅជួរមុខនៃបណ្តាប្រទេសអាស៊ានផ្សេងទៀត៕







