ដោយ: លាងហួរ
ម៉ានីល: ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានស្នើសុំសភា នូវកញ្ចប់ថវិការដ្ឋាភិបាលចំនួន៥,២៩ពាន់ពាន់លានប៉េសូ(៩៤,៤ពាន់លានដុល្លារ)ក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងទាញមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ។
ថវិកាដែលបានស្នើឡើងរបស់លោក Marcos ស្មើនឹង២២,២ភាគរយនៃសេដ្ឋកិច្ចសរុបរបស់ប្រទេស គឺជិត៥ភាគរយខ្ពស់ជាងផែនការចំណាយរបស់ប្រធានាធិបតីមុនសម្រាប់ឆ្នាំ២០២២។
រដ្ឋាភិបាលហ្វីលីពីនដឹកនាំដោយលោកMarcos មានគោលបំណងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ឱ្យបានកំនើនរហូតដល់៨ភាគរយ ក្នុងអាណត្តិរយៈពេល៦ឆ្នាំរបស់លោក និងដើម្បីរក្សាតំណែងរបស់ប្រទេសខ្លួន ក្នុងចំណោមប្រទេស ដែលមានកំណើនលឿនបំផុតនៅអាស៊ី និងកាត់បន្ថយអត្រាភាពក្រីក្រពាក់កណ្តាល ដែលធ្លាក់មកនៅត្រឹម១៨,១ភាគរយ ក្នុងឆ្នាំ២០២១។

ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខស្បៀង ការថែទាំសុខភាព និងថាមពលស្អាត គឺជាអាទិភាពកំពូលនៅក្នុងថវិកាឆ្នាំ២០២៣ ដែលត្រូវបានបង្ហាញដល់សភាដោយតំណាងប្រធានាធិបតី។
សភាត្រូវបានគេរំពឹងថា នឹងអនុម័តថវិកានៅខែតុលា ហើយលោក Marcos ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើវាបញ្ចូលទៅក្នុងច្បាប់មុនដំណាច់ឆ្នាំនេះ។
លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិស័យអប់រំ នឹងទទួលបានថវិកាបែងចែកខ្ពស់បំផុត រហូតដល់ចំនួន៨៥២,៨ពាន់លានប៉េសូ ឬ១៦ភាគរយនៃថវិកាសរុប បន្ទាប់មកគឺការងារសាធារណៈ១៣ភាគរយ ការថែទាំសុខភាព៥ភាគរយ និងសុខុមាលភាពសង្គមប្រហែល៤ភាគរយ។
លោកMarcosក៏បានបញ្ជាក់ផងដែរថា ផ្នែកកសិកម្មនឹងទទួលបានថវិកាចំនួន១៨៤,១ពាន់លានប៉េសូ កើនឡើង៤០ភាគរយធៀបនឹងផែនការថវិកាសម្រាប់ឆ្នាំ២០២២៕







