ដោយ: លាងហួរ
ប៉េកាំង: លំហូរវិនិយោគពីបរទេស ហូរចូលប្រទេសចិន បានកើនឡើង២១,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់១២៣,៩ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២នេះ។
បើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន (MOFCOM) បានឱ្យដឹងថា ជាមួយនឹងការវិនិយោគពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានជំរុញឱ្យមានកំណើនលឿនបំផុត។
អ្នកនាំពាក្យរបស់ MOFCOM លោកស្រី Shu Jueting បានថ្លែងក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណែតថា ប្រទេសកូរ៉េខាងត្បូងបានឈរ នៅលើកំពូលតារាង ជាមួយនឹងកំណើនការវិនិយោគ៤៤,៥ភាគរយ នៅក្នុងរយៈពេលនេះ។ បន្ទាប់មក សម្រាប់សហរដ្ឋអាមេរិករួមចំណែកចំនួន៣៦,៣ភាគរយ សម្រាប់ប្រទេសជប៉ុន២៦,៩ភាគរយ និងសម្រាប់ប្រទេសអាល្លឺម៉ង់២៣,៥ភាគរយ។

លោក Bai Ming អនុប្រធានវិទ្យាស្ថានស្រាវជ្រាវទីផ្សារអន្តរជាតិ នៃបណ្ឌិត្យសភាពាណិជ្ជកម្មអន្តរជាតិចិន និងជានាយករងនៃវិទ្យាស្ថានស្រាវជ្រាវទីផ្សារអន្តរជាតិ នៃបណ្ឌិត្យសភាពាណិជ្ជកម្មអន្តរជាតិចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រោម MOFCOM បានប្រាប់កាសែត Global Times កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសចិនបានបង្កើតនូវគុណសម្បត្តិ ក្នុងការទាក់ទាញមូលធនបរទេស រួមទាំងបរិយាកាសផ្លូវច្បាប់ ដែលប្រសើរឡើង ដែលផ្តល់ការការពារផ្នែកច្បាប់ សម្រាប់អាជីវកម្មបរទេស ការពង្រីកលទ្ធភាពទទួលបានទីផ្សារ និងបរិយាកាសអាជីវកម្មកាន់តែប្រសើរឡើង។
លោក Bai បាននិយាយថា លើសពីនេះ ជាមួយនឹងគោលនយោបាយស្ថិរភាពសេដ្ឋកិច្ចត្រូវបានដាក់ចេញ និងចូលជាធរមាន ទស្សនវិស័យនៃទីផ្សារចិនមានភាពទាក់ទាញយ៉ាងខ្លាំង ចំពោះវិនិយោគិនបរទេស ចំពេលបរិយាកាសពិភពលោកអាប់អួរ៕








