ដោយ៖ សហការី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត នៅទូទាំងប្រទេស រៀបចំលេខកូដរួម ដែលមានលក្ខណៈស្តង់ដារ ស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែសីហា បានឱ្យដឹងថា សាធារណជនអាចប្រើប្រាស់លេខកូដរួមចំនួន៥ បានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម (Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន របស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ។

លេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖
១. *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
២. *1201# ពិនិត្យសមតុល្យទឹកប្រាក់
៣. *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
៤. *1203*PIN# បញ្ចូលទឹកប្រាក់
៥. 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន៕







