ដោយៈ សុខុម
មូស្គូ: វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលសហរដ្ឋអាមេរិក ក្នុងនាមជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងដែលកំពុងដាក់ទណ្ឌកម្មរុស្ស៊ីយ៉ាងចាស់ដៃ បានជំពាក់បំណុលរុស្ស៊ី រហូតដល់ទៅប្រមាណ១៤ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា។

ធនាគារកណ្តាលរុស្ស៊ី បានចេញរបាយការណ៍មួយកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ថា ក្នុងចំណោមមូលបត្របំណុល បរទេសសរុបប្រហែល៤៩,១ពាន់លានដុល្លារ ដែលជនជាតិរុស្ស៊ីទិញ និងរក្សាទុកក្នុងគណនីធនាគាររបស់ពួកគេគិតត្រឹមចុងខែមីនា មានប្រមាណ១៤ពាន់លានដុល្លារ ត្រូវបានបោះផ្សាយដោយសហរដ្ឋអាមេរិក។
ជនជាតិរុស្សី ជាច្រើនបានសម្រុកទិញភាគហ៊ុនបរទេស នៅពេលការវិនិយោគលើវិស័យលក់រាយ បានផ្ទុះខ្លាំងអំឡុងវិបត្តិកូវីដ-១៩ ដោយប្រើប្រាស់គណនី ដែលពេលនេះត្រូវបានបង្កក ក្រោមទណ្ឌកម្មរបស់លោកខាងលិច ចំពោះការដែលរុស្ស៊ី បញ្ជូនកងទ័ពរបស់ខ្លួន ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។
លោក Philip Gabunia ទេសាភិបាលរងនៃធនាគារកណ្តាលរុស្ស៊ី គូសបញ្ជាក់ថា ប្រជាជនជាង៥លាននាក់ នៅក្នុងប្រទេសរុស្ស៊ី មានភាគហ៊ុនបរទេស នៅក្នុងគណនីរបស់ពួកគេដែលត្រូវបានបង្កក។
ធនាគារកណ្តាលរុស្ស៊ី និយាយថា នៅត្រឹមដំណាច់ខែមីនា មូលបត្របំណុលអាមេរិក មានចំនួន១៤ពាន់លានដុល្លារ ឬស្មើនឹង២៧%នៃមូលបត្របំណុលបរទេសទាំងអស់ ដែលរាប់បញ្ចូលទាំងភាគហ៊ុនផងដែរ។

យោងតាមធនាគារដដែលនេះ បានឱ្យដឹងទៀតថា អង់គ្លេស ក្លាយជាប្រទេសទី២ ដែលជនជាតិរុស្ស៊ី ទិញមូលបត្របំណុលច្រើនជាងគេ ដែលមានទំហំរហូតដល់ទៅ៧,៤៧ពាន់លានដុល្លារ៕ Reuters៕







