អ៊ុយក្រែនមានសង្ឃឹមហើយ ខណៈរុស្ស៊ីបង្ខំចិត្តបោះបង់កោះជាយុទ្ធសាស្ត្រ Snake Island នៅសមុទ្រខ្មៅ

ដោយៈ សុខុម

ក្រុងគៀវ: កងទ័ពរុស្ស៊ី បានបង្ខំចិត្តបោះបង់កោះពស់ ឬ Snake Island ដែលជាប៉ុស្តិ៍ជួរមុខជាយុទ្ធសាស្ត្រ នៅសមុទ្រខ្មៅ (Black Sea) កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ហើយនេះអាចចាត់ទុកជាជ័យជម្នះដ៏ធំមួយសម្រាប់អ៊ុយក្រែន ព្រោះវាបន្ធូរបន្ថយការបិទច្រក កំពង់ផែអ៊ុយក្រែន ពីសំណាក់រុស្ស៊ី។


ជុំវិញព្រឹត្តិការណ៍នេះ ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញ ពីកោះនេះទុកជា”កាយវិការសុច្ឆន្ទៈ” ដើម្បីបង្ហាញថា រដ្ឋាភិបាលក្រុងម៉ូស្គូ មិនរារាំងដល់កិច្ចខិតខំប្រឹងប្រែង របស់អង្គការសហប្រជាជាតិ (UN) ក្នុងការបើកច្រករបៀងមនុស្សធម៌ ដែលអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក ភាគីខាងអ៊ុយក្រែនបានអះអាងថា ខ្លួនបានបណ្ដេញកងកម្លាំងរុស្ស៊ី ឱ្យចេញពីកោះនេះដោយជោគជ័យ បន្ទាប់ពីការបាញ់កាំភ្លើងធំ និងវាយប្រហារយ៉ាងខ្លាំងក្លាពេញមួយយប់។

លោក Andriy Yermak នាយអគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសរសេរបង្ហោះលើបណ្ដា​ញទំនាក់ទំនងសង្គម Twitter ថា “ពេលនេះគ្មានកងទ័ពរុស្ស៊ី នៅលើកោះពស់ ទៀតនោះទេ។ កងកម្លាំងប្រដាប់អាវុធរបស់យើងធ្វើបានល្អណាស់”។

បញ្ជាការយោធាភាគខាងត្បូងរបស់អ៊ុយក្រែន បានបង្ហោះរូបភាពលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញពីទិដ្ឋភាពកោះពស់ ពីលើអាកាស ដែលហ៊ុមព័ទ្ធដោយដុំផ្សែងខ្មៅធំៗចំនួន៥ ហុយទ្រលោមឡើងលើអាកាស ដែលភាគីអ៊ុយក្រែនអះអាងថា ជាការវាយប្រហារដោយកាំជ្រួចមីស៊ីល និងកាំភ្លើងធំ។

ផុសនៅលើហ្វេសប៊ុក នោះសរសេរថា “ពួកខ្មាំងសត្រូវបានប្រញាប់ប្រញាល់ភៀសខ្លួនចេញ ពីយោធភូមិភាគនេះ តាមអូប័រ២គ្រឿង ហើយប្រហែលជាចាកចេញពីកោះនេះ។ ពេលនេះកោះពស់ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ហើយសំឡេងផ្ទុះគ្រាប់កំពុងតែលាន់ឮ យ៉ាងកងរំពង”។

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់រូបភាពដែលភាគីអ៊ុយក្រែន បានបង្ហោះលើហ្វេសប៊ុកថា វាជាការពិតឬក៏អត់នោះទេ ហើយក៏មិនអាចបញ្ជាក់បានថា ការអះអាងរបស់ភាគីណាមួយជាការពិតនោះដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here