ដោយ៖ លាងហួរ
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ឱ្យប្រទេសជាសម្ព័ន្ធមិត្ត G7 កាលពីអាទិត្យថា យើងត្រូវនៅជាមួយគ្នា ដើម្បីប្រឆាំងនឹងរុស្ស៊ី ដែលបង្កសង្រ្គាមនៅអ៊ុយក្រែន ហើយបានជំរុញឱ្យមានការហាមឃាត់ការទិញមាសរបស់រុស្ស៊ី។
នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ ប្រទេសសមាជិកG7 ចំនួន៤ក្នុងចំណោមសមាជិកទាំង៧ បានហាមឃាត់ការនាំចូលមាសរបស់រុស្ស៊ី ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងកាត់ផ្តាច់មធ្យោបាយផ្តល់ហិរញ្ញប្បទាន ដល់ការឈ្លានពានអ៊ុយក្រែន។
រដ្ឋាភិបាលអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានយល់ព្រមលើការហាមឃាត់ការនាំចូលមាសពីរុស្សីថ្មី។

រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា ទណ្ឌកម្មនេះដាក់សំដៅទៅលើអ្នកមានទ្រព្យស្តុកស្តម្ភរបស់រុស្ស៊ី ដែលបាននិងកំពុងទិញមាស ដែលមានសុវត្ថិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃទណ្ឌកម្មរបស់លោកខាងលិច។
ការនាំចេញមាសរបស់រុស្ស៊ីមានតម្លៃ១៥,៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១កន្លងទៅ។

មេដឹកនាំក្រុមប្រទេស G7 រួមមាន ចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងកាណាដា ក៏កំពុងពិភាក្សាស្តីពីតម្លៃ ដែលអាចធ្វើទៅបានលើការកំណត់តម្លៃប្រេងរបស់រុស្ស៊ីផងដែរ។
មន្ត្រីបារាំងមួយរូបបាននិយាយថា ទីក្រុងប៉ារីសនឹងជំរុញឲ្យមានការកំណត់តម្លៃប្រេង និងឧស្ម័ន ហើយបើកចំហ ដើម្បីពិភាក្សាលើសំណើរបស់អាមេរិក៕







