ដោយ៖ លាងហួរ
ឥណ្ឌា៖ ប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅកំពូលទាំង១០ ដល់ប្រទេសឥណ្ឌា ដែលការនាំចូលប្រេងរបស់ប្រទេសឥណ្ឌាពីរុស្ស៊ី បានកើនឡើងច្រើនជាង៥០ដង ចាប់តាំងពីខែមេសា។
ជាមួយគ្នានោះ ការនាំចូលប្រេងរបស់រុស្ស៊ីស្មើនឹង១០% នៃកញ្ចប់ការនាំចូលប្រេងឆៅសរុបរបស់ ឥណ្ឌា។ នៅមុនសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ការនាំចូលរបស់រុស្ស៊ីមានត្រឹម០,២% នៃប្រេងសរុប ដែលឥណ្ឌា នាំចូល។
មន្ត្រីមួយរូបបានប្រាប់អ្នកសារព័ត៌មានថា ប្រេងរុស្ស៊ីស្មើនឹង១០ភាគរយនៃកញ្ចប់ប្រេងនាំចូល សរុបរបស់ប្រទេសឥណ្ឌា នៅក្នុងខែមេសា។ ឥឡូវនេះរុស្ស៊ីស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ប្រេងកំពូលទាំង ១០ដូច ដែលបានរាយការណ៍ដោយPTI។

ប្រហែល៤០% នៃប្រេងរុស្ស៊ីត្រូវបានទិញ ដោយក្រុមហ៊ុនចម្រាញ់ឯកជនដូចជា Reliance Industries និង Nayara Energy។
កាលពីខែឧសភា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាបានទិញប្រេងឆៅប្រមាណ២៥លានបារ៉ែលពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ កាលពីខែមុន ប្រទេសរុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីត ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតទីពីររបស់ឥណ្ឌា នៅពីក្រោយប្រទេសអ៊ីរ៉ាក់ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងបានសម្រុកទិញប្រេងឆៅរបស់រុស្ស៊ី ដែលលក់បញ្ចុះតម្លៃថោកៗ។
ឥឡូវនេះ អារ៉ាប៊ីសាអូឌីត គឺជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទីបីសម្រាប់ប្រទេសឥណ្ឌា។ ប្រទេសឥណ្ឌា ជាប្រទេសប្រើប្រាស់ប្រេងធំជាងគេទីបី ក្នុងពិភពលោក ដែលបាននាំចូលប្រេង៨៥ភាគរយ បន្ទាប់ ពីប្រទេសចិន និងសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍មួយ បានឱ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាបានទាញផលចំណេញពីសង្គ្រាមរស្ស៊ី-អ៊ុយក្រែន ដោយបានទិញប្រេងឆៅពីរុស្ស៊ី ដែលលក់បញ្ចុះតម្លៃ រហូតដល់៣០ដុល្លារក្នុងមួយបារ៉ែល។ ប្រទេសឥណ្ឌាបានសម្រេចបន្តទិញប្រេងឆៅពីរុស្ស៊ី សូម្បីតែពេលដែលប្រទេសសេដ្ឋកិច្ចធំៗនៅលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើន លើប្រទេសរុស្ស៊ី៕








