ដោយៈ សុខុម
តូក្យូ: រូបិយប័ណ្ណយ៉េន របស់ប្រទេសជប៉ុននៅថ្ងៃច័ន្ទ ទី១៣ ខែមិថុនា នេះបានធ្លាក់ថ្លៃមកដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងពេល២៤ឆ្នាំមកនេះធៀបនឹងរូបិយប័ណ្ណដុល្លារអាមេរិក។
រូបិយប័ណ្ណដុល្លារអាមេរិក បានហក់ឡើងខ្ពស់ដល់១៣៥,២២យ៉េន ក្នុង១ដុល្លារ ដែលជាការហក់ឡើងខ្ពស់ខ្ពស់បំផុត ចាប់តាំងពីខែតុលា ឆ្នាំ១៩៩៨ នៅពេលគោលនយោបាយ រវាងបណ្ដាធនាគារកណ្តាលនៅក្រៅប្រទេស និងធនាគារបណ្ដាលជប៉ុន (BOJ) មានភាពខុសគ្នាកាន់តែខ្លាំង។

នៅសប្ដាហ៍នេះ បណ្ដាធនាគារកណ្តាល នឹងនៅតែបន្តខិតខំប្រឹងប្រែង និងផ្ដោតយកចិត្តទុកដាក់ លើការដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយអតិផរណា។ តួយ៉ាងធនាគារកណ្ដាលអាមេរិក (Federal Reserve) និងធនាគារកណ្ដាលអង់គ្លេស (Bank of England) ត្រូវបានរំពឹងថានឹងដំឡើងអត្រាការប្រាក់ នៅឯកិច្ចប្រជុំរបស់ពួកគេ ហើយធនាគារជាតិស្វីស (Swiss National Bank) ក៏អាចនឹងដំឡើងអត្រាការប្រាក់ដូចគ្នាដែរ។

ទោះជាយ៉ាងណា គេរំពឹងថានឹងមានការផ្លាស់ប្ដូរ តិចតួចប៉ុណ្ណោះពីធនាគារកណ្ដាលជប៉ុន ដែលបាននិយាយនៅថ្ងៃច័ន្ទ ទី១៣ ខែមិថុនា នេះថា ខ្លួននឹងទិញមូលបត្របំណុលរដ្ឋាភិបាលជប៉ុន ចំនួន៥០០ពាន់លានយ៉េន (៣,៧០ពាន់លានដុល្លារអាមេរិក) នៅថ្ងៃអង្គារ ស្អែកនេះ ជាផ្នែកមួយនៃគោលនយោបាយរបស់ខ្លួន ដើម្បីរក្សាទិន្នផលគោលរយៈពេល១០ឆ្នាំឱ្យស្ថិតក្នុងរង្វង់០,២៥% នៃគោលដៅ០%របស់ខ្លួន៕ Reuters៕







