ច្រកព្រំដែនអូរស្មាច់បើកដំណើរការឡើងវិញនៅថ្ងៃនេះតទៅ

ដោយ៖ សុផារី

ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសពីការបើកដំណើរការឡើងវិញ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នេះតទៅ ក្រោយជំនួបពិភាក្សាគ្នារវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបពិភាក្សានាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើន ជាមួយនឹងអាជ្ញាធរថៃ ដឹកនាំដោយលោក ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ និងមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ។

នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ភាគីទាំងពីរបានឯកភាពគ្នា នឹងបើកដំណើរការច្រកអន្តរជាតិអូរស្មាច់ឡើងវិញ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះតទៅ ។

ចំពោះការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិត Thailand Pass ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរពេញប្រទេសថៃ ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេសថៃបានចំនួន៣ថ្ងៃ និងមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

ជាមួយគ្នានេះលោក ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានប័ណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here