ស្ដេចនាវាពិឃាតថ្លៃបំផុតលើលោកតម្លៃជាង១០ពាន់លានដុល្លារ ទីបំផុតត្រៀមខ្លួនរួចដើម្បីចូលសមរភូមិហើយ

ដោយៈសុខុម

អន្តរជាតិ: ស្ដេចនាវាពិឃាតផ្ទុកយន្តហោះ USS Gerald R. Ford របស់សហរដ្ឋអាមេរិក ដែលជានាវាចម្បាំងថ្លៃបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលសរភូមិប្រយុទ្ធ។ នេះបើយោងតាមសារព័ត៌មាន Yahoo News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះកើតមានឡើង ស្របពេលភ្លើងសង្គ្រាមដែលរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន កំពុងតែឡើងកម្ដៅដែលបានបង្កភាពវឹកវរពាសពេញពិភពលោក ក្រោយលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មលើរុស្ស៊ី យ៉ាងធ្ងន់ធ្ងរបំផុតជាបន្តបន្ទាប់។

វាជារឿងដ៏អាថ៍កំបាំងជាយូរមកហើយ ដែលកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មិនបានប្រកាសដំណឹងអំពីការផលិតនាវា ផ្ទុកយន្តហោះនេះ ហើយទើបតែមកប្រកាសពេលនេះ។

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានអនុម័តដោយស្ងាត់ៗដាក់ឱ្យនាវានេះ ដំណើរការជាបឋមនៅចុងឆ្នាំ២០២១។ នាវា USS Gerald R. Ford នេះនឹងត្រូវដាក់ឱ្យដំណើរការពេញសមត្ថភាពជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២២នេះ គឺយឺតជាងការគ្រោងទុកដល់ទៅ៨ឆ្នាំ។

នាវាពិឃាតថ្មី ដែលនឹងចូលជំនួសនាវាផ្ទុកយន្តហោះ USS Nimitz ចាស់នេះនឹងមានសមត្ថភាពប្រយុទ្ធខ្លាំង ទំនើប និងអាចផ្ទុកយន្តហោះចម្បាំងបានកាន់តែច្រើន។

នាវាផ្ទុកយន្តហោះដែលមានទម្ងន់រហូត ដល់ទៅ១០០.០០០តោន និងប្រវែង៣៣២,៨ម៉ែត្រនេះ បានចាប់ផ្ដើមដំណើរការផលិតក្នុងឆ្នាំ២០០៩ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៤ ពោលគឺប្រើពេល៥ឆ្នាំនៅក្នុងការផលិត។ ប៉ុន្តែដោយសារមានការលំបាក នៅក្នុងការផលិតបានធ្វើឱ្យការបញ្ចប់ការផលិតត្រូវអូសបន្លាយពេល រហូតដល់ខែធ្នូ ចុងឆ្នា២០២១។

យោងតាម Congressional Research Service ដែលជាវិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយសាធារណៈ​របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ថ្លៃផលិតនាវាពិឃាត USS Gerald R. Ford បានចំណាយរហូតដល់ទៅ១៣,៣ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជានាវាពិឃាត ដែលថ្លៃបំផុតក្នុងលោក។

តម្លៃនេះមិនទាន់បូកបញ្ចូលថ្លៃ កងយន្តហោះចម្បាំងជាង៧០គ្រឿងរបស់វានៅឡើយទេ៕ Yahoo News៕

LEAVE A REPLY

Please enter your comment!
Please enter your name here