កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញកំណើនវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន

ដោយ: ម៉ាលីស

ភ្នំពេញៈ កម្ពុជា-វៀតណាម បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្តេជ្ញាបន្តរក្សាកិច្ចសហប្រត្តិបត្តិការដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរសក្តិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីវៀតណាមប្រចាំកម្ពុជា នៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២២។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្រ្ដី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូន លោកឯកអគ្គរដ្ឋទូតក្នុងឱកាស ដែលលោកទទួលបានការតែងតាំងពីរដ្ឋាភិបាល សង្គមនិយមវៀតណាម ជាឯកអគ្គរដ្ឋទូតថ្មីវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គា​ល់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដែលបញ្ជាក់អំពីទំនាក់ទំនង កាន់តែរីកចម្រើននិងជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំងពីរ និងបានបន្តរក្សាកិច្ចសហប្រតិបត្តិការ លើយន្តការដែលមានស្រាប់ ក៏ដូចជារិះរកនូវយន្តការថ្មីៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិ​បត្តិការ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here