ដោយ៖ សុផារី
ភ្នំពេញ៖ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសសរុបចំនួន ១៧០.៥៣៩តោន កើនឡើងចំនួន ១៦.៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន ១៥៣.៦៨៨តោន។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០១ ខែមេសានេះថា ការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន៦៧.៤៨១តោន ថយចុះចំនួន៩.៩៨៥តោន (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន៧៧.៤៦៦តោន។
ក្នុងនោះ រយៈពេលបីខែនេះ ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទមានចំនួន១២០.៤២២តោន ស្មើនឹង ៧០,៦១% អង្ករសគ្រប់ប្រភេទមានចំនួន៤៨.៨២៧តោន ស្មើនឹង២៨,៦៣% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន១.២៩០តោន ស្មើនឹង០,៧៦%។
តាមរយៈទិន្នន័យរបស់ក្រសួងបានឱ្យដឹងថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២១ប្រទេស មានបរិមាណសរុបចំនួន៤៧.៦៧៤តោន (កើនឡើងចំនួន១២.២៣២តោន ស្មើនឹង ៣៤,៥១%)។
ចំណែកទិសដៅនាំចេញទៅកាន់ប្រទេសចិនមានបរិមាណសរុបចំនួន៨៨.៦៤៦តោន (កើនឡើងចំនួន ៣.២៧៦តោន ស្មើនឹង៣,៨៤%)។
ការនាំចេញទៅកាន់ទិសដៅអាស៊ានចំនួន៤ប្រទេស មានបរិមាណសរុបចំនួន១៧.៣១០តោន (កើនឡើងចំនួន ៥.៦៥២តោន ស្មើនឹង ៤៨,៤៨%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ១៦.៩០៩តោន (ថយចុះចំនួន ៤.៣០៩តោន ស្មើនឹង -២០,៣១%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៤៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់១២៣.៣៦៤តោន (៧២,៣៤%) និងក្រុមហ៊ុន៣៦ដទៃទៀតបាននាំចេញត្រឹមតែ៤៧.១៧៥តោន (២៧,៦៦%)៕







