ដោយៈសុផារី
ភ្នំពេញៈ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្ត និងម៉ូតូអគ្គិសនី ដោយបន្ថយពន្ធនាំចូល៥០% និងការធ្វើផ្លាកលេខពិសេស ជំរុញឱ្យនិន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាបានចាប់ផ្តើមកើនឡើង។
លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅចុងសប្តាហ៍មុនបានឱ្យដឹងថា កម្ពុជាកំពុងឈានទៅសម្រេចបាន នូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០។

លោកអគ្គនាយកបានឱ្យដឹងថា “និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនី នៅកម្ពុជាបានចាប់ផ្តើមកើនឡើង ខណៈរាជរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្ត និងម៉ូតូអគ្គិសនី ដោយបន្ថយពន្ធនាំចូល៥០% និងការធ្វើផ្លាកលេខពិសេស”។
លោកបានបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យនិន្នាការ ប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ចាប់ផ្តើមកើនឡើងនេះ ដោយសារការប្រើប្រាស់រថយន្ត ប្រើថាមពលអគ្គិសនីចំណេញជាងការប្រើប្រាស់ថាមពល ប្រេងឥន្ធនៈ ហើយតម្លៃរថយន្តអគ្គិសនី ក៏មានតម្លៃសមរម្យសាកសមនឹងលទ្ធភាពអ្នកមានជីវភាពមធ្យម អាចទិញប្រើប្រាស់បាន ស្របពេលដែលក្រសួងសាធារណការបាន ខិតខំក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ដូចជាការការជំរុញឱ្យមានស្ថានីយបញ្ចូលថាមពលអគ្គិសនី ហើយក្រុមហ៊ុនឯកជនក៏មាននាំចូលដុំសាក ដែលពលរដ្ឋអាចទិញសាកនៅផ្ទះ ដោយខ្លួនឯងសម្រាប់ការធ្វើដំណើរជិតៗបានផងដែរ។

លោកឈួន វ៉ន់បានបន្ថែមថា ក្រសួងសេដ្ឋកិច្ច មានការបន្ធូរបន្ថយអាករពិសេស ដែលធ្វើឱ្យសរុបពន្ធទាំងអស់ទៅចុះ៥០% ធៀបនឹងឡានប្រើប្រាស់ប្រេងឥន្ធនៈ។ ក្រសួងសាធារណការក៏មានការលើកទឹកចិត្តខាងការធ្វើផ្លាកលេខ ដោយឥឡូវគ្រោងបោះផ្លាកលេខសម្រាប់រថយន្តអគ្គិសនី ឱ្យស្របតាមរថយន្តជួយកាត់បន្ថយភាពបំពុលនៃបរិស្ថាន។

លោកមានជំនឿថា ការរៀបចំគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្ត ផែនទីបង្ហាញផ្លូវសម្រាប់ស្ថានីយ៍សាករថយន្តអគ្គិសនី ជាពិសេសក្រសួងសេដ្ឋកិច្ចបន្ធូបន្ថយពន្ធនាំចូល នឹងធ្វើឱ្យយើងឈានទៅសម្រេចបាននូវការប្រើប្រាស់យានយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត៧០%ទៅតាមផែនការនៅឆ្នាំ២០៥០។

បច្ចុប្បន្នក្រុមហ៊ុននាំចូលយានយន្តអគ្គិសនីមានចំនួន១១ ក្នុងនោះ៥ក្រុមហ៊ុននាំចូលរថយន្ត និងក្រុមហ៊ុនចំនួន៦ទៀតនាំចូល ម៉ូតូអគ្គិសនី។ ជាមួយគ្នានេះ មានក្រុមហ៊ុនចំនួនមួយទៀត បាននាំចូលគ្រឿងបន្លាស់ សម្រាប់ស្ថានីយបញ្ចូលអគ្គិសនី៕







