ដោយៈសុខុម
ញូវយ៉ក: តម្លៃផ្ទះនៅសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់រហូតដល់ទៅ១៩,២%ក្នុងខែមករា ដើមឆ្នាំ២០២២ ដោយកើនឡើងពីកំណើនប្រចាំឆ្នាំរហូតដល់១៨,៩%ក្នុងខែធ្នូ ចុងឆ្នាំ២០២១។ នេះបើយោងតាម S&P CoreLogic Case-Shiller ដែលជាសន្ទស្សន៍តម្លៃផ្ទះទូទាំងសហរដ្ឋអាមេរិក។

សារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ថា តម្លៃផ្ទះនៅក្នុងទីក្រុង Phoenix ទីក្រុង Tampa និងទីក្រុង Miami របស់សហរដ្ឋអាមេរិក បានហក់ឡើងប្រចាំឆ្នាំខ្ពស់ជាងគេបំផុត ក្នុងចំណោម២០ទីក្រុង ដែលស្ថិតក្នុងសន្ទស្សន៍ខាងលើនេះក្នុងខែមករា ដើមឆ្នាំនេះ។
តម្លៃផ្ទះនៅក្នុងទីក្រុង Phoenix បានហក់ឡើងខ្ពស់ជាងគេរយៈពេល៣២ខែជាប់ៗគ្នា ជាមួយនឹងការហក់ឡើងថ្លៃ៣២,៦%ខ្ពស់ជាងឆ្នាំ២០២១។ បន្ទាប់មកគឺក្រុង Tampa ជាមួយនឹងការហក់ឡើងថ្លៃ៣០,៨% និងក្រុង Miami ជាមួយនឹងការហក់ឡើងថ្លៃ២៨,១%។
តម្លៃផ្ទះ ក្នុងទីក្រុងចំនួន១៦ក្នុងចំណោម២០ទីក្រុង បានហក់ឡើងក្នុងខែមករា ខ្ពស់ជាងក្នុងខែធ្នូ ចុងឆ្នាំ២០២១។ តម្លៃផ្ទះដែលហក់ឡើងខ្ពស់បំផុត គឺនៅភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ប៉ុន្តែគ្រប់តំបន់ទាំងអស់នៃទឹកដីសហរដ្ឋអាមេរិក សុទ្ធតែបានបន្តហក់ឡើង។
លោក Craig J. Lazzara នាយកគ្រប់គ្រងនៅសន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិក S&P Dow Jones Indices បាននិយាយថា តម្លៃផ្ទះបានប្រែប្រួល ពោលគឺបានហក់ឡើងក្នុងខែមករា ឆ្នាំ២០២២។
កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ការហក់ឡើងនូវតម្លៃផ្ទះបានចាប់ផ្ដើមបង្អង់ល្បឿន ប៉ុន្តែវាស្រាប់តែហក់ឡើងស្រឺតៗវិញក្នុងខែមករា ដោយតម្លៃផ្ទះបានហក់ឡើងខ្ពស់បំផុតទី៤ នៅក្នុងការប្រមូលទិន្នន័យរយៈពេល៣៥ឆ្នាំមកនេះ៕ CNN៕







