ដោយៈលក្ខិណា
ភ្នំពេញៈ កម្ពុជាបានចុះហត្ថលេខា និងចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរ តាំងពីថ្ងៃទី១ មករា ឆ្នាំ២០២២ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បាននិងកំពុងហុចផលដល់កម្ពុជាបណ្ដើរៗផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីររបស់កម្ពុជា ដែលបានចូលជាធរមាននោះ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥១ កាលពីព្រឹកថ្ងៃទី២៥ មីនា ២០២២នេះថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយចូលជាធរមាន ការនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានធ្វើដោយមានការសម្រួលយ៉ាងច្រើនទាក់ទងទៅនឹងនាំពីកម្ពុជា ជាក់ស្ដែងការនាំចេញអង្ករទៅកាន់ប្រទេសចិន មានការកើនឡើងច្រើនរយៈពេល២ខែឆ្នាំ២០២២នេះ ។
សម្ដេចបន្តថា “ចិនក៏បានបន្ថែមការទទួលទិញ នូវមុខទំនិញផ្សេងៗទៀតរាប់ទាំងមៀនប៉ៃលិន ត្រីប្រា និងបានប្រើវិធីសម្រួលលើការត្រួតពិនិត្យទាក់ទិន ទៅនឹងការនាំចូលទៅកាន់ប្រទេសចិន “។សម្តេចបន្តថា “យើងកំពុងតែបើកទីផ្សាររបស់យើង ជាមួយប្រទេសចិន ហើយយើងក៏បានខិតខំបើកទីផ្សាររបស់យើង ជាមួយនឹងប្រទេសដទៃទៀត តាមរយៈនៃការពង្រីកការនាំចេញរបស់យើង”។

ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជា ក្នុងរយៈ២ខែដើមឆ្នាំ២០២២ បានកើនឡើងជាង៣០ភាគរយ ប្រៀបធៀបនឹងទៅ២ខែកាលពីឆ្នាំ២០២១កន្លងទៅ ។
សម្ដេចបន្ថែមថា កម្ពុជានឹងបោះជំហានទៅមុខបន្តទៀត បើទោះជាកូវីដ១៩បានរារាំងយើង ប៉ុន្តែវាមិនអាចរារាំងដល់ដំណើរការអភិវឌ្ឍរបស់យើងបានទេ ជាពិសេសគម្រោងដែលបានសាងសង់ដោយសាធារណរដ្ឋប្រជាមានិតចិន គ្រាន់តែយើងពន្យាក្នុងការសម្ពោធតែប៉ុណ្ណឹង តែយើងបានចាប់ផ្ដើមសម្ពោធជាបន្តបន្ទាប់ និងបានសាងសង់ផ្លូវជាតិសំខាន់ៗជាច្រើនទៀត ដូចជា ផ្លូវជាតិ១០ ផ្លូវ៧១ ក៏បានបើកការដ្ឋានសាងសង់ និងគម្រោងដទៃទៀតក៏កំពុងដំណើរការ ។

បើតាមលោកងិន ឆាយប្រតិភូរាជរដ្ឋាភិបាលទទួលបន្តុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានថ្លែងការ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន ដែលចូលជាធរមានកាលពីដើមឆ្នាំ កម្ពុជាបាននិងកំពុងចរចាជាមួយភាគីចិន ក្នុងការទទួលយកទំនិញរប់សកម្ពុជា ចូលទីផ្សារចិន ហើយចិនក៏បាននព្រមទទួលយកទំនិញ ជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន និងបានចាត់តំណាងរបស់ខ្លួនក្នុងការត្រួតពិនិត្យទៅលើស្ដង់ដារអនាម័យ ភូតគាមអនាម័យដើម្បីធានាថា ទំនិញរបស់កម្ពុជាចូលប្រទេសចិន ស្របតាមស្តង់ដារ ៕







