រដ្ឋាភិបាលផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានគាំទ្រវិស័យកសិកម្មដែលមានទឹកប្រាក់៥០លានដុល្លារ

ដោយ៖ សុផារី

កំពង់ធំ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាប់ផ្តើមផ្សព្វផ្សាយពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល៥០លានដុល្លារ សម្រាប់គាំទ្រផ្នែកសំខាន់ៗមួយចំនួននៃវិស័យកសិកម្ម ដើម្បីជួយស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ១៩។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានចាប់ផ្តើមចុះផ្សព្វផ្សាយពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល៥០លានដុល្លារ សម្រាប់គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២នេះត្រូវធ្វើឡើងតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ហើយខេត្តកំពង់ធំជាខេត្តដែលចាប់ផ្តើមដំណើរផ្សព្វផ្សាយដំបូងគេ។

ក្នុងពិធីសំណេះសំណាលដែលរៀបចំឡើងនៅមន្ទីរកសិកម្មខេត្តកំពង់ធំ លោកបណ្ឌិត កៅ ថាច បានពន្យល់នូវគោលការណ៍ឥណទានក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ដោយក្នុងនោះអត្រាការប្រាក់គឺត្រឹមតែ៥,៥%ក្នុងមួយឆ្នាំសម្រាប់ទុនវិនិយោគនិង៥%ក្នុងមួយឆ្នាំម្រាប់ទុនបង្វិល។

ដោយឡែក ចំពោះទ្រព្យធានាគឺមានភាពបត់បែនខ្ពស់ និងអាចផ្តល់ឥណទានជូនរហូតដល់ ៨០ % នៃទ្រព្យធានាបំណុលផងដែរ។

លោកក៏លើកទឹកចិត្តឱ្យប្រជាកសិករការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូលចំណាយជាប្រចាំអោយបានច្បាស់លាស់ ព្រោះជួយអោយអាជីវកម្មមានភាពរីកចម្រើននិងដឹងអំពីការចំណេញខាត និងស្នើឱ្យបងប្អូនប្រជាកសិករប្រើប្រាស់ទុន ដែលទទួលបានពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មឱ្យចំគោលដៅនិងចេះរកព័ត៌មានអំពីទីផ្សារ និងផលិតអោយចំគោលដៅនិងមានតម្រូវការទីផ្សារផងដែរ។

ជាមួយគ្នានេះ វិស័យកសិកម្ម គឺជាវិស័យអទិភាពក្នុងបរិបទនៃកូវីដ១៩នេះ លោកលើកទឹកចិត្តឱ្យបងប្អូនកសិករចងក្រងជាសហគម និងធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចិរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារនិងចំនេញថវិកា៕

LEAVE A REPLY

Please enter your comment!
Please enter your name here