ដោយ៖ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានអះអាងថា គិតមកដល់ពេលនេះ ទោះបីជាបញ្ហាសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីបានកើតឡើងយ៉ាងណាក្តី ការនាំទំនិញចេញរបស់កម្ពុជាមិនរងផលប៉ះពាល់នោះទេ នៅតែបន្តសកម្មភាពជាធម្មតា។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទកាសែតមួយកាលពីកន្លងទៅនេះបានមានប្រសាសន៍ថា ទាក់ទិនបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនទាន់ជះផលអាក្រក់ឬវិជ្ជមានទេមកដល់កម្ពុជា លើកលែងតែតម្លៃប្រេងឥន្ធនៈប៉ុណ្ណោះ ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។
លោកបានបន្តថា “មកដល់ពេលនេះ ការនាំទំនិញចេញ-ចូលរបស់កម្ពុជាទៅកាន់ប្រទេសរុស្សីនៅតែធម្មតា ហើយសម្រាប់ប្រទេសអ៊ុយក្រែន ក៏នៅតែធម្មតាដូចគ្នានិងនៅតែបន្តសកម្មភាពជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ”។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា កាលពីសប្តាហ៍កន្លងទៅ ប្រេងឆៅមានតម្លៃ១៣១ដុល្លារ ក្នុង១បារ៉ែល ហើយសប្តាហ៍បន្ទាប់ថ្លៃ១៤៥ដុល្លារក្នុង១បារ៉ែល ហើយអាចបន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។ បញ្ហានេះគឺជារឿងមួយដែលរដ្ឋាភិបាលយកចិត្ដទុកដាក់ ហើយសង្ឃឹមថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ ដូច្នេះអ្វីៗនឹងត្រឡប់មករកប្រក្រតីភាពវិញនៅពេលឆាប់ៗនេះ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី មានចំនួនជាង៩៤លានដុល្លារ កើនឡើងជាង៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួនជាង៦៣លានដុល្លារអាមេរិក។

ចំណែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងអ៊ុយក្រែនកាលពីឆ្នាំ២០២១ដូចគ្នា មានចំនួនជាង៨,៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន២,៤លានដុល្លារអាមេរិក៕







