ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃប្រេង ឥន្ធនៈឲ្យទាន់នៃការឡើងចុះនោះ នៅពេលខាងមុខឆាប់ៗនេះ ក្រសួងនឹងផ្លាស់ប្តូរសេចក្តីជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងពីរយៈពេល ១៥ថ្ងៃ មកត្រឹម១០ថ្ងៃវិញម្តង។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ នៅក្នុងសន្នីសីទសារព័តមាន ក្រោយពិធីបើកសិក្ខាសាលាស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ នៅរាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តីបានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈ មានការប្រែប្រួលឡើងចុះលឿនណាស់ ជាពិសេសខណៈ បញ្ហាជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីទៅកន្លែងផ្សេងៗ បានជះឥទ្ធិពលខ្លះដែរ ទៅដល់ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ។

លោកបានឲ្យដឹងទៀតថា “យើងបានប្រជុំជាមួយអន្តរក្រសួង ដែលពាក់ព័ន្ធ និងវិស័យឯកជន ដែលជាអ្នកចែកចាយប្រេងឥន្ធនៈ ដោយបានឯកភាពគ្នា និងគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាល ដែលពីមុនមកដាក់១៥ថ្ងៃ អំពីតម្លៃប្រេងជូនប្រជាពលរដ្ឋ ជាពិសេសអ្នកចែកចាយកុំឲ្យលក់លើសពីតម្លៃដែលកំណត់ តែមកដល់ពេលនេះ លោកកំពុងស្នើរសុំចុះហត្ថលេខាលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយនូវព័តមាន១០ថ្ងៃជំនួសវិញ”។លោកបន្តថា ដើម្បីឲ្យមានការផ្លាស់ប្តូរឆាប់ ពីព្រោះថាតម្លៃឡើងលឿនណាស់ក្នុងមួយថ្ងៃៗ ហើយនេះជាវិធានការបឋមបំផុតដើម្បីជូននូវការឈ្នះៗដល់អតិថិជន ក៏ដូចជាវិស័យឯកជន ដែលយើងមិនទាន់ថាឡើងថ្លៃ ប៉ុន្តែយើងអាចនឹងឡើងថ្លៃនៅថ្ងៃក្រោយ”។
ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅប្រេងឆៅក្នុងមួយប៉ារ៉ែលថ្លៃ១៣១ដុល្លារ សប្តាហ៍បន្ទាប់ថ្លៃ១៤៥ដុល្លារ ហើយអាចបន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។
លោកបន្តថា “ក្នុងករណីនេះបើយើងសង្កេតឃើញថា យើងអ្នកទិញប្រេងហើយចម្រាញ់រួច អញ្ចឹងហើយដើម្បីធានាឲ្យមានតុល្យភាព រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលត្រូវគិតគូរទាំងសងខាង មិនអាចច្របាច់ឲ្យវិស័យឯកជនស្លាប់ទេ ព្រោះនេះជាទីផ្សារសេរី”។ លោកបន្តថា “យើងត្រូវជួយទាំងសងខាង ព្រោះអ្នកលក់ក៏ប្រើប្រាស់ដែរ អញ្ចឹងជាគោលការណ៍គឺធានាឲ្យមានប្រេងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដល់សាធារណជន និងវិស័យសេដ្ឋកិច្ច”។
លោកបន្ថែមថា គោលការណ៍ទី២ ភ្នាក់ងារត្រូវមានតម្លៃសមស្របដើម្បីបងប្អូនមានលទ្ធភាពទិញ ប្រសិនបើយើងច្របាច់វិស័យឯកជនខ្លាំងពេក នឹងអត់ប្រេង បើគាត់អត់លក់ នឹងមិនមានប្រេងសម្រាប់ប្រើប្រាស់ទេ អញ្ចឹងហើយរដ្ឋាភិបាល ត្រូវប្រកាន់ជំហយ៉ាងយកចិត្តទុកដាក់ ទៅលើការថ្លឹងថ្លែងដូចលោករដ្ឋមន្រ្តីលើកឡើងខាងលើថា យើងត្រូវប្រឹងប្រែងទាំងសងខាងស្ថិតក្នុងស្ថានភាពឈ្នះ ឈ្នះ។
តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានកើនឡើងបន្តបន្ទាប់រហូតថ្លៃ ៤ ៨០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងថ្លៃ៤ ៥០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដោយឡែកប្រេងសាំងស៊ុបពែរថ្លៃ ៥ ៣៥០រៀល ក្នុង១លីត្រ៕







