ដោយៈម៉ាណែត
ភ្នំពេញៈ ដើម្បីជួយធ្វើឱ្យប្រសើរឡើងនូវបរិយាកាស វិនិយោគរបស់កម្ពុជា ទន្ទឹមនឹងការជួយទ្រទ្រង់ឱ្យធុរកិច្ចនានាងើបឡើងវិញ ពីផលប៉ះពាល់នៃកូវវីត-១៩ និងបន្តការបង្កើតការងារ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ( IFC ) និងមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការពាណិជ្ជកម្ម (NCAC) កំពុងជំរុញសន្ធានកម្មដើម្បីដោះស្រាយវិវាទអាជីវកម្ម និងកសាងទំនុកចិត្តរបស់អ្នកវិនិយោគលើវិវាទពាណិជ្ជកម្ម។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញនេះ បានឱ្យដឹងថា ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នៃជំងឺរាតត្បាតសកល ដូចជាទីផ្សារផ្សេងទៀតដែរ អាជីវកម្មកម្ពុជា ជួបការលំបាក ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការរក្សាប្រតិបត្តិការ។
ស្ថិតក្នុងបរិការណ៍នេះ អត្ថិភាពនៃការដោះស្រាយវិវា ទតាមបែបផ្សេងទៀត ដែលអាចបត់បែនបាន ក្រៅប្រព័ន្ធតុលាការ ដូចជា សន្ធានកម្មពាណិជ្ជកម្មជាដើម នឹងជួយជំរុញសហគ្រិនភាព រំដោះមូលនិធិក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងវិវាទ និងបង្កើតបរិយាកាសអំណោយផល សម្រាប់អ្នកវិនិយោគ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិននានា។
លោក ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិ ផ្នែកមជ្ឈត្តការពាណិជ្ជកម្ម បានឱ្យដឹងថា ទោះបីជាសន្ធានកម្មគឺជាប្រពៃណី ដែលមានជាយូរយារណាស់មកហើយ នៅក្នុងសង្គមកម្ពុជាក្តី សន្ធានកម្មពាណិជ្ជកម្មដែលមានលក្ខណ:ជារចនាសម្ព័ន្ធ គឺជាទស្សនាទានមួយថ្មី សម្រាប់សហគមន៍ធុរកិច្ចនៅកម្ពុជា។ លោកជឿថា យន្តការដោះស្រាយវិវាទតាមបែបផ្សេង ដែលត្រូវបានពង្រឹង រួមជាមួយសន្ធានការីដែលមានសមត្ថភាព នឹងលើកទឹកចិត្តឱ្យអាជីវកម្មកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ទទួលយកសន្ធានកម្មពាណិជ្ជកម្ម ដែលជាមធ្យោបាយមួយ ដើម្បីជួយដោះស្រាយវិវាទរបស់ពួកគេឱ្យបានឆាប់រហ័ស ចំណាយតិចតែមានប្រសិទ្ធភាព និងមានសក្តិសិទ្ធភាព។
សន្ធានការីទាំងនេះ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល សន្ធានការីពាណិជ្ជកម្ម ដំបូងគេនៅក្នុងប្រទេសកម្ពុជា បណ្តុះបណ្តាលដោយ CEDR ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ កាលពីចុងឆ្នាំមុន ដែលជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ IFC និង NCAC ដើម្បីពង្រឹងក្របខ័ណ្ឌអសាធនភាពរបស់កម្ពុជា និងជំរុញយន្តការសន្ធានកម្មពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព។

ក្នុងអំឡុងវគ្គសិក្សាដែលមានរយ:ពេលប្រាំមួយថ្ងៃ អ្នកចូលរួមមកពីវិស័យផ្សេងៗគ្នា ដូចជា ផ្នែកច្បាប់ មជ្ឈត្តកម្ម ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង គណនេយ្យ និងវិស័យផ្សេងៗទៀត – ត្រូវបានបណ្តុះបណ្តាលជំនាញជាក់លាក់ និងឧត្តម្មានុវត្តអន្តរជាតិសម្រាប់ដំណើរការសន្ធានកម្ម។ កំណត់ត្រាពីសភាពាណិជ្ជកម្មអន្តរជាតិ (ICC) បង្ហាញថា ដំណើរការសន្ធានកម្មជាមធ្យមមានរយៈពេលបួន ខែគិតចាប់ពីថ្ងៃដែលដាក់សំណើ សុំធ្វើសន្ធានកម្ម រហូតដល់ចុងបញ្ចប់នៃនីតិវិធី។ យ៉ាងណាក៏ដោយ ការជួប ប្រជុំជាក់ស្តែងជាមួយនឹងសន្ធានការី មានរយៈពេលតែមួយទៅពីរថ្ងៃប៉ុណ្ណោះ។
លោក អាសាដ យ៉ាគុប (Asad Yaqub) តំណាង IFC ប្រចាំកម្ពុជា បានឱ្យដឹងថា នៅ IFC បទពិសោធន៍របស់យើងបង្ហាញថា ក្នុងអំឡុងពេលមានវិបត្តិ យន្តការសន្ធានកម្មពាណិជ្ជកម្មដ៏រឹងមាំ មានសារៈសំខាន់ណាស់ក្នុងការជំរុញការដោះស្រាយវិវាទពាណិជ្ជកម្ម ឬវិវាទដែលជាប់ពាក់ព័ន្ធនឹងបំណុលកាន់តែលឿនជាងមុន។ ខណ:ពេលដែលសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញពីជំងឺរាតត្បាត និងបន្តរីកចម្រើន ជម្រើសដោះស្រាយវិវាទក្រៅតុលាការប្រកបដោយប្រសិទ្ធភាព នឹងផ្តល់ឱ្យវិស័យឯកជននូវទំនុកចិត្តបន្ថែមទៀត ក្នុងការចូលរួមក្នុងប្រតិបត្តិការធុរកិច្ចនានា ដែលលើកទឹកចិត្តការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស៕







