ដោយសុខុម
សិង្ហបុរី: ជាការពិតណាស់ថា បក្សីគង់មានសម្បុក មនុស្សមានក្ដីសុខដ្បិតមានផ្ទះ។ ទោះជាយ៉ាងណា វិបត្តិកូវីដ-១៩ បានធ្វើឱ្យគ្រួសារជាច្រើនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដែលពិបាកនឹងរក្សាទុកផ្ទះ ឬ លែងមានលទ្ធភាពបង់រំលស់ផ្ទះតទៅទៀត ហើយក្នុងនោះសូម្បីប្រជាជនសិង្ហបុរី មួយចំនួនដែលនៅក្នុងប្រទេសអ្នកមានក៏ជួបបញ្ហាដូចគ្នានេះដែរ។
អាជ្ញាធរសិង្ហបុរី បានប្រកាសកាលពីថ្ងៃអង្គារ ទី៨ មីនា ថា សម្រាប់ម្ចាស់អាផាតម៉ិនណាដែលប្រឈម “ការលំបាកពិតប្រាកដ” ក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) នឹងជួយទិញយកផ្ទះរបស់ពួកគេវិញក្នុងតម្លៃសមរម្យ។
ក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) ស្ថិតក្រោមចំណុះក្រសួងអភិវឌ្ឍន៍ជាតិ ទទួលបន្ទុកលំនៅដ្ឋានសាធារណៈក្នុងប្រទេសសិង្ហបុរី។
ក្រោមគោលនយោបាយសមាហរ័ណកម្មជាតិសាសន៍ (EIP) ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ១៩៨៩ កូតាត្រូវបានកំណត់សម្រាប់អាផាតម៉ិនដែលកាន់កាប់ដោយក្រុមជាតិសាសន៍នីមួយៗនៅក្នុងប្លុក ឬ សង្កាត់លំនៅដ្ឋានសាធារណៈ HDB ដើម្បីជៀសវាងការប្រមូលផ្តុំគ្នាច្រើននៃក្រុមជាតិសាសន៍ណាមួយ។
ក្រោមគោលនយោបាយនេះ ក្រុមជាតិសាសន៍មួយមិនអាចលក់អាផាតម៉ិនរបស់ខ្លួនឱ្យទៅក្រុមជាតិសាសន៍មួយផ្សេងទៀតបានឡើយ។ នេះមានន័យថា ទាំងអ្នកលក់ និងអ្នកទិញត្រូវតែជាអ្នកមកពីក្រុមជាតិសាសន៍តែមួយ។
ថ្លែងក្នុងរដ្ឋសភា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ លោក Desmond Lee បានរំឭកឡើងវិញអំពីសារៈសំខាន់នៃគោលនយោបាយនេះ ប៉ុន្តែទន្ទឹមនេះលោកក៏បានគូសបញ្ជាក់ដែរថា សម្រាប់ម្ចាស់ផ្ទះមួយចំនួនដែល “ជួបការលំបាកពិតប្រាកដ” ឬ ទាល់ពិតប្រាកដ ក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) នឹងអន្តរាគមន៍ជួយទិញយកផ្ទះរបស់ពួកគេវិញក្នុងតម្លៃសមរម្យ៕ CNA៕







