ដោយ: ម៉ាលីស
អន្តរជាតិ: ប្រាក់ដុល្លារអាមេរិក ដើរតួជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក ហើយត្រូវបានចាត់ទុកថាជារូបិយប័ណ្ណ ដែលមានសុវត្ថិភាពបំផុតក្នុងការរក្សាទុក។ ដូច្នេះក្នុងពេលមានភាពមិនប្រាកដប្រជាណាមួយ អ្នក វិនិយោគចូលចិត្តស្តុកវាទុក។

ហេតុផលមួយ ដែលធ្វើឲ្យមានតម្រូវការប្រាក់ដុល្លារកើនឡើង ដោយសារ វិនិយោគិនបានសម្រេចចិត្តថា ពួកគេមិនចង់រក្សាប្រាក់អឺរ៉ូទៀតទេ ដោយសារភាពជិតស្និទ្ធរបស់អឺរ៉ុបទៅនឹងជម្លោះ។ ពួកគេបានបោះចោលរូបិយប័ណ្ណរួមរបស់ប្លុកអឺរ៉ុប ហើយទិញប្រាក់ដុល្លារជំនួសវិញ។

អ្នកយុទ្ធសាស្ត្រ ING Francesco Pesole បានប្រាប់ថា “ទីផ្សារអឺរ៉ុប មិនមានភាពទាក់ទាញនៅក្នុងពេលនេះទេ ដោយសារការប៉ះពាល់ភូមិសាស្ត្ររបស់ពួកគេចំពោះអ៊ុយក្រែន និងរុស្ស៊ី”។
លើសពីនេះ ប្រាក់ដុល្លារទទួលបានការកើនឡើង បន្ទាប់ពីប្រធាន Federal Reserve Jerome Powell បាននិយាយថា ធនាគារកណ្តាលមានបំណងចាប់ផ្តើមដំឡើង អត្រាការប្រាក់នៅចុងខែនេះ បើទោះបីជាស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន បានមានការថមថយចុះក៏ដោយ។
លោក Pesole បាននិយាយថា “ទីផ្សារ និងធនាគារកណ្តាលចង់រក្សាប្រាក់ដុល្លារ ព្រោះវាជារូបិយប័ណ្ណរាវ វាអាចជួញដូរបានខ្ពស់” ។ “វាត្រូវបានគាំទ្រដោយសេដ្ឋកិច្ចរឹងមាំ និងខ្លាំងក្លា”។

ប្រាក់ដុល្លារកាន់តែរឹងមាំ អាចប៉ះពាល់ដល់ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនដែលរកប្រាក់នៅបរទេស ប៉ុន្តែការព្រួយបារម្ភធំជាងនេះ គឺថាតើការឡើងថ្លៃរបស់ប្រាក់ដុល្លារ នឹងប៉ះពាល់ដល់សេដ្ឋកិច្ច ដែលកំពុងរីកចម្រើន ដែលជារឿយៗត្រូវផ្តល់សេវាបំណុលរបស់ពួកគេជាប្រាក់ដុល្លារ។
មានការព្រួយ បារម្ភ ខ្លះ រួច ទៅ ហើយ ថា តើ ការ ធ្លាក់ ចុះ សេដ្ឋកិច្ច របស់ រុស្ស៊ី ក៏ នឹង ធ្វើ ឲ្យ អ្នក វិនិយោគ ដក ខ្លួន ចេញ ពី ទីផ្សារ ដែល ប្រថុយ ប្រថាន ដូច ជា ប្រេស៊ីល តួកគី ឬ ម៉ិកស៊ិក។ ការកើនឡើងនៃប្រាក់ដុល្លារអាចជាសម្ពាធ។

មានការជជែកគ្នាខ្លះៗអំពីសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនអាចរង្គោះរង្គើដល់ឥទ្ធិពលប្រាក់ដុល្លារ ហើយវាពង្រឹងការដោះស្រាយរបស់ទីក្រុងម៉ូស្គូ ជាមួយនឹងទីក្រុងប៉េកាំង ដើម្បីបង្កើតយន្តការផ្តល់ហិរញ្ញប្បទានជំនួសវិញ ដែលនឹងធ្វើឱ្យការដាក់ទណ្ឌកម្ម របស់លោកខាងលិច មិនសូវមានប្រសិទ្ធភាព ប៉ុន្តែអវសាននៃ King Dollar ត្រូវបានគេហៅជាច្រើនដងរួចមកហើយកន្លងមក៕







