ដោយៈសុផារី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទ្រព្យសកម្មសរុបនៃធនាគារពាណិជ្ជនៅកម្ពុជា បានកើនឡើង១៨,៨ភាគរយ ក្នុងទំហំដល់៦០ពាន់លានដុល្លារ ដោយប្រភពសំខាន់នៃចំណូលគឺ៦៧% បានមកពីប្រាក់បញ្ញើ។ ១៩% បានពីទ្រព្យសម្បត្តិ(capital) និង១៤% ផ្សេងទៀតបានមកពីការខ្ចី។

តាមរយៈរបាយការណ៍ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយនៅក្នុងសប្តាហ៍នេះ ស្តីពីការអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជា ក្នុងឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា វិស័យនេះនៅតែមានដំណើការល្អ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩។
ការផ្តល់ប្រាក់កម្ចីពីធនាគារពាណិជ្ជ និងធនាគារឯកទេសដល់អតិថិជនមានចំនួន ៣៨,៦ លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២១ កើនឡើង ២៤,៤% បើធៀបទៅឆ្នាំមុន។
យោងតាមធនាគារជាតិកម្ពុជា ប្រាក់បញ្ញើបានកើនឡើង១៧% ក្នុងឆ្នាំ២០២១ ដល់៣៥,១ពាន់លានដុល្លារ ខណៈដែលប្រាក់កម្ចីមិនដំណើរការមានចំនួន ២%នៃសមាមាត្រសរុបកាលពីឆ្នាំមុន។

ធនាគារកណ្តាលបានសង្កត់ធ្ងន់ថា “ចំណុចសំខាន់ៗទាំងនេះ បង្ហាញថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាមានភាពរឹងមាំ និងធន់”។
ធនាគារជាតិកម្ពុជាបានបន្តទៀតថា “បរិមាណឥណទានបានបន្តកើនឡើងដោយសារតែការកើនឡើង នៃតម្រូវការសម្រាប់ការវិនិយោគ និងការចំណាយក្នុងវិស័យ ដែលគាំទ្រសកម្មភាពសេដ្ឋកិច្ច ខណៈដែលប្រាក់កម្ចីមិនដំណើរការនៅតែមានកម្រិតទាប” ។

ធនាគារជាតិបាននិយាយថា អត្រាការប្រាក់ជាមធ្យមសម្រាប់ប្រាក់បញ្ញើ និងអត្រាការប្រាក់ឥណទានបានបន្តធ្លាក់ចុះ ដែលផ្តល់អត្ថប្រយោជន៍ជាវិជ្ជមានដល់អតិថិជន ក្នុងការទទួលបានដើមទុន ដែលមានតម្លៃកាន់តែសមរម្យ៕







