ដោយៈ ម៉ាលីស
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ។

កាលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាទីន វ៉ាវរា (Martin VÁVRA) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដើម្បីបន្តលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតសក្តានុពល។
ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកឡើង ពីផលប៉ះពាល់នៃស្ថានការណ៍ជំងឺរាតត្បាតសកល ដែលកំពុងជះឥទ្ធិពលអវិជ្ជមាន លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តម្រូវការក្នុងតំបន់ និងសកលលោក ដែលនាំឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យ៉ាងណាមិញ លោករដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មី តាមរយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាពនៅកម្ពុជា គួបផ្សំជាមួយនឹងសមិទ្ធិផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មកម្ពុជា សម្រេចបានថ្មីៗនេះ ដូចជាកិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជននិងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ ជាអតិបរមាពីកាលានុវត្តភាពទីផ្សារកាន់តែទូលំទូលាយ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។

ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយ ក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ១២៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៣៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨។
ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវបានរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕







