ដោយៈសុខុម
មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងព្យាយាមរារាំងបណ្ដាក្រុមហ៊ុនលោកខាងលិច ដែលកំពុងសម្រុកចាកចេញពីប្រទេសរុស្ស៊ី ក្រោយបុរសខ្លាំងរូបនេះ បញ្ឆេះសង្រ្គាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS និង RIA បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១ មីនា ថា វិធានការគ្រប់គ្រងមូលធន ដែលធ្វើឡើងក្នុងគោលបំណងបញ្ឈប់បណ្ដាក្រុមហ៊ុនលោកខាងលិច កុំឱ្យសម្រុកចាកចេញពីប្រទេសរុស្ស៊ី នេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។
នាយករដ្ឋមន្ត្រីរូបនេះលើកឡើងថា បណ្ដាក្រុមហ៊ុនលោកខាងលិចកំពុងធ្វើការសម្រេចចិ ត្តដោយសារតែ “សម្ពាធនយោបាយ” ហើយថាក្រុមហ៊ុនទាំងនោះ នឹងត្រូវបានរារាំងមិនឱ្យលក់ចេញ នូវទ្រព្យសកម្មរបស់របស់ខ្លួននៅប្រទេសរុស្ស៊ី យ៉ាងតក់ក្រហល់នោះ រហូតដល់សម្ពាធនោះថមថយ។
ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អង់គ្លេស BP គឺជាក្រុមហ៊ុនដ៏សំខាន់បំផុតមួយ ដែលបានបោះបង់ចោលប្រទេសរុស្ស៊ី ចាប់តាំងពីកងទ័ពរបស់រុស្ស៊ី បានធ្វើសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។
ក្រុមហ៊ុននេះ បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ខ្លួនគ្រោងនឹងលក់ចេញភាគហ៊ុន១៩,៧៥% របស់ខ្លួននៅក្នុងក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រុស្ស៊ី Rosneft និងការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ដែលជាការវិនិយោគបរទេសដ៏ធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។
ដោយមើលឃើញបែបនេះ ក្រុមហ៊ុនផ្សេងៗទៀត ក៏សម្រេចចិត្តចាកចេញពីប្រទេសរុស្ស៊ី ដូចគ្នាដែរ ដោយក្នុងនោះរួមមានទាំងក្រុមហ៊ុនប្រេងអង់គ្លេស Shell (RDSA) និងក្រុមហ៊ុនថាមពល Equinor របស់ប្រទេសន័រវែសផងដែរ។
ក្រុមហ៊ុនប្រេងបារាំង TotalEnergies បាននិយាយកាលពីថ្ងៃអង្គារ ទី១ មីនា ថា ខ្លួននឹងមិនផ្តល់មូលធនថ្មី សម្រាប់គម្រោងនានារបស់ខ្លួននៅប្រទេសរុស្ស៊ីនោះឡើយ ហើយកំពុងវាយតម្លៃពីផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច មកលើការវិនិយោគ ដែលមានស្រាប់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី៕ CNN៕







