ដោយ: ម៉ាលីស
ភ្នំពេញ: សម្តេចតេជោអំពាវនាវ “សូមអោយម្ចាស់អង្គភាពសេដ្ឋកិច្ចមានជាអាទិ៍ ក្រុមហ៊ុនរោងចក្រ សហគ្រាសឯកជន សិប្បកម្មលក់ដុំនិងរាយ និងសេវាកម្មផ្សេងៗទាំងអស់ សូមជួយគាំទ្រនឹងចូលរួមការងារនេះ ដោយរីករាយ។

សម្តេចតេជោក៏បានស្នើឲ្យ អ្នកពាក់ព័ន្ឋព្រមផ្ដល់ព័ត៌មានតាមសំណួរសម្ភាសន៍ ដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ចឲ្យបានគ្រប់គ្រាន់ត្រឹមត្រូវជាក់លាក់ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៏ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន”។
សម្តេចអំពាវនាវដូចនេះ នៅក្នុងសារអំពាវនាវ ដែលចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចថ្លែងថា “ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជាជំរឿនសេដ្ឋកិច្ចលើកទី២ នៅព្រះរាជាណាចក្រ កម្ពុជា បន្ទាប់ពីបានធ្វើ “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ និង “អង្កេតចន្លោះជំរឿន សហគ្រាសនៅក្នុងឆ្នាំ២០១៤ ហើយក៏ជាជំរឿនសេដ្ឋកិច្ចលើកទី១ ដែលប្រើប្រាស់ថវិកាជាតិទាំងស្រុង ខណៈដែលប្រទេសកម្ពុជា បានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងត្រៀមខ្លួនចាកចេញ ពីចំណាត់ក្រុមនៃប្រទេសមានការអភិវឌ្ឍតិចតួច”។
សម្ដេចតេជោបានគូសបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំនិងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិ ពិតប្រាកដដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការ ប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់ របស់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូល ដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា និងជាសូចនាករសំខាន់សម្រាប់ការត្រួតពិនិត្យតាមដាន ការសម្រេចបាននូវការអនុវត្តកម្មវិធី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការរៀបចំនូវគោលនយោបាយផ្សេងទៀត ជាពិសេស ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ច ជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ រយៈពេល១០ឆ្នាំកន្លងមក។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺផ្អែកតាមច្បាប់ស្ដីពីស្ថិតិ ដែលបានកំណត់ឱ្យធ្វើ “ជំរឿនសេដ្ឋកិច្ច” ក្នុងរយៈពេល១០ឆ្នាំម្ដង ជាមួយនឹងការធ្វើអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅពាក់កណ្ដាល ជំរឿន(៥ឆ្នាំម្តង) និងបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ ត្រូវចូលរួមសហការក្នុងការធ្វើជំរឿនសេដ្ឋកិច្ច។

ដូច្នេះ គ្រប់ប្រទេសនៅលើពិភពលោក សុទ្ធតែមានការចាំបាច់ ក្នុងការធ្វើជំរឿនគ្រប់អង្គភាពសេដ្ឋកិច្ច ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចប្រមូលទិន្នន័យស្ថិតិបានល្អ ជាពិសេសការធ្វើជំរឿនសេដ្ឋកិច្ចនេះ។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា “លទ្ធផលទិន្នន័យដែលបានមកពីការធ្វើជំរឿនសេដ្ឋកិច្ច នឹងត្រូវបានប្រើប្រាស់ដ៏ទូលំទូលាយ នៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន”៕







