ដោយៈគង់ ម៉ាលីនណា
ព្រះសីហនុៈ ក្រសួងទេសចរណ៍ គ្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីតំបន់ឆ្នេរ និងកោះ។

យោងតាមសេចក្តីសម្រេចមួយ ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈកន្លងមកនេះ ក្រុមការងារបច្ចេកទេសថ្មីមួយ ដែលដឹកនាំដោយលោក គឺម សេរីរដ្ឋ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ត្រូវបានបង្កើតឡើង ដើម្បីសិក្សារៀបចំគម្រោងនេះ។
ក្រុមការងារបច្ចេកទេស នឹងសហការជាមួយនឹងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីសិក្សាពិនិត្យទីតាំង ស្វែងរកថវិកា ដៃគូគាំទ្របច្ចេកទេស និងដៃគូអនុវត្តគម្រោងជាដើម។

ការបង្កើតសួនទេសចរណ៍ Westerdam នេះឡើង គឺដើម្បីរំលឹកដល់ពេលដែលកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបជាង២០០០នាក់ ឱ្យចូលចតកាលពីដើមឆ្នាំ ២០២០ ខណៈនាវានេះ ត្រូវបានបដិសេដដោយប្រទេសជាច្រើន៕







