ដោយៈ សុផារី
ភ្នំពេញៈមានមនុស្សជាច្រើនបានយល់ច្រលំថា ការរកស៊ី ការធ្វើជំនួញ និងការវិនិយោគ មាននិយមន័យដូចគ្នា តែតាមពិតពាក្យទាំងបីនេះមានភាពខុសគ្នា។
អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ង៉ែត ជូ បានចែករំលែកពីភាពខុសគ្នានៃការរកស៊ី ការធ្វើជំនួញឬធុរកិច្ច និងការវិនិយោគ។

លោកបានបកស្រាយថា ពាក្យថា ការរកស៊ី មានអត្ថន័យស្រដៀងនឹង ការធ្វើជំនួញ ឬធុរកិច្ច តែជាផ្លូវការគេនិយមប្រើពា្យថា ការធ្វើជំនួញ ឬធុរកិច្ច (Business)។ ការធ្វើជំនួញ ឬធុរកិច្ចសំដៅលើការប្រើពេលវេលា កម្លាំងកាយ កម្លាំងបញ្ញា និងធនធានហិរញ្ញវត្ថុបង្កើត និងគ្រប់គ្រងមុខជំនួញអ្វីមួយដើម្បីទទួលបានផលចំណេញ។
ចំនែកការរកស៊ី លោកថាច្រើនសំដៅលើមុខរបរ លក់ដូរតូចតាចដែលខុសពីជំនួញ ឬហៅថាជាធុរកិច្ច ដែលសំដៅលើមុខជំនួញធំ ឬយើងនិយមហៅថាក្រុមហ៊ុន។
លោកង៉ែត ជូបាបបន្តថា សំរាប់ការវិនិយោគ សំដៅដល់ការប្រើធនធានហិរញ្ញវត្ថុ (ដើមទុន) ជាធំដើម្បីបណ្តាក់ទុនលើជំនួញអ្វីមួយ ជាមួយអ្នកដទៃ ដោយមិនចាំបាច់បំពេញការងារ គ្រប់គ្រងជំនួញនោះ ឬអាចថាដាក់ទុនវិនិយោគលើភាគហ៊ុននៅផ្សារហ៊ុន ឬអចលនទ្រព្យ។ល។
លោកបន្តថា “សម្រាក់អ្នកវិនិយោគ គេរវល់តែប្រជុំម្តងម្កាល គេមិនធ្វើការពេញម៉ោងដូចអ្នកជំនួញនោះទេ។ អ្នកវិនិយោគប្រើដើមទុនអោយធ្វើការដើម្បីបានផលចំណេញ”៕







