រាជរដ្ឋាភិបាលលើកទឹកចិត្តជនជាតិខ្មែរវិនិយោគវិស័យកាត់ដេរ ដើម្បីជំរុញតម្លៃបន្ថែមកាន់តែខ្ពស់

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគលើវិស័យកាត់ដេរឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យវិស័យកាត់ដេរឈានទៅរកវិស័យដែលជាប្រភេទទំនិញមានតម្លៃខ្ពស់ និងជាប្រភេទទំនិញដែលមានតម្លៃបន្ថែមខ្ពស់។ រាជរដ្ឋាភិបាលបាន និងកំពុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ដែលរំពឹងថាដាក់ឱ្យអនុវត្តន៍នៅពេលឆាប់ៗខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា “វិស័យកាត់ដេរប្រហែលជាមិនទាន់ទៅណានោះទេ ដែលមានរយៈពេលយូរតទៅទៀត ក៏ប៉ុន្ដែអ្វីដែលរដ្ឋាភិបាល ចង់ឃើញ គឺយើងចង់ឃើញថា វិស័យកាត់ដេរឈានទៅរកវិស័យដែលជាប្រភេទទំនិញមានតម្លៃខ្ពស់ និងជាប្រភេទទំនិញដែលមានតម្លៃបន្ថែមខ្ពស់”។

លោកបន្តថា សព្វថ្ងៃរោងចក្រកាត់ដេរ នៅស្រុកខ្មែរចំនួន៩៥ភាគរយ គឺជាជនជាតិបរទេស មានតែ៥ភាគរយប៉ុណ្ណោះ គឺជាជនជាតិខ្មែរ ដូច្នេះរាជរដ្ឋាភិបាល ចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគលើវិស័យកាត់ដេរឲ្យបានច្រើនបន្ថែមទៀត។

លោកបន្ថែមថា ការសង្ឃឹមបែបនេះរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែកត្ដាទីមួយ គឺថាប្រព័ន្ធនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា កំពុងតែដើរទៅមុខ ខណៈមានការរួមចំណែកសំខាន់ជួយដល់សេដ្ឋកិច្ចជាតិ និងទីពីរ ប្រទេសជិតខាងចាប់ផ្ដើមមានបញ្ហាចំពោះវិស័យកាត់ដេរ ដូច្នេះវិនិយោគិន អ្នកបញ្ជាទិញមើលឃើញកម្ពុជា ជាទីតាំងល្អសម្រាប់បង្កើនការវិនិយោគ។

លោកបណ្ឌិត ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកាត់ដេរជាជន្ទុលសេដ្ឋកិច្ចសំខាន់សម្រាប់កម្ពុជា។ នៅក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមានការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ តាំងពីឆ្នាំ២០២០។ យុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យកាត់ដេរ គឺចង់ឃើញវិស័យកាត់ដេរកម្ពុជា មានតម្លៃបន្ថែមខ្ពស់ ហើយអាចផលិតនូវទំនិញ ដែលមានលក្ខណៈល្អជាងមុន និងផ្ដល់នូវប្រាក់ចំណូលច្រើនជាងមុន។

បើតាមមន្ដ្រីជានខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ បានរៀបចំរួចហើយ នឹងសម្រេចដាក់ចេញ នាពេលឆាប់ៗ។

ជុំវិញកំណើនល្អប្រសើរនៃការនាំចេញនេះ អ្នកជំនាញនៅក្នុងវិស័យកាត់ដេររំពឹងថា កម្ពុជានឹងបន្តរក្សាកំណើនល្អ នៃការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២២នេះ ការបញ្ជាទិញផលិតផលកាត់ដេរ នឹងកើនឡើងប្រមាណពី១៥% ទៅ២០%៕

LEAVE A REPLY

Please enter your comment!
Please enter your name here