ដោយ៖ សុផារី
ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុត្រៀមរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ឱ្យកាន់តែប្រសើរឡើង ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ ប្រជានេសាទ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផល តំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព កាលពីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាលជលផល និងតំណាងធនាគារអភិវឌ្ឍន៍ អាស៊ី(ADB)។

លោកបានស្វាគមន៍នូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ ក្នុងនោះលោកបានផ្តល់ជម្រើសពីរដើម្បីធ្វើការសិក្សា ទី១.នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន។ ទី២.តំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ទីនោះមានការប្រមូលផ្តុំ ផលនេសាទ។ ត្រូវការពារ និងអភិរក្សព្រៃកោងកាងនៅខេត្តព្រះសីហនុ ដែលមានសម្បូរនៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា កិច្ចប្រជុំមានគោលបំណងដើម្បី បង្ហាញលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោង និងការពិគ្រោះយោបល់លើគោលដៅ និង លទ្ធផលរំពឹងទុកនៃគម្រោង ព្រមទាំងស្នើសុំកិច្ចសហការ និងការគាំទ្រពីអាជ្ញាធរខេត្តតំបន់ឆ្នេរទាំង៤ ពិសេសខេត្តព្រះសីហនុ ក្នុងការរៀបចំគម្រោងខាងលើឱ្យទទួលបានជោគជ័យ ដោយមានការគាំទ្របច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ការស្នើសុំសាងសង់ផែនេសាទដែលមានគុណភាព ដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ពិសេសការគ្រប់គ្រង កាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហគមន៍នេសាទ ពង្រឹងធនធានធម្មជាតិសមុទ្រ សម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងនោះក៏មានគម្រោង និងវិធានការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ធនធានជលផលសមុទ្រផងដែរ។

លោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលជាគម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍តំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រ ក្នុងនោះមានដូចជា ១.ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ២.ការធ្វើឱ្យប្រសើរនូវហេដ្ឋារចនា សម្ព័ន្ធតាមបណ្តោយឆ្នេរ ៣.ជួយដល់វិស័យឯកជនក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ៤.បង្កើតមធ្យោបាយប្រភព ហិរញ្ញទានគាំទ្រដល់វិស័យឯកជននៅតាមតំបន់ឆ្នេរ។
លោកបន្តថា ធ្វើការទំនាក់ទំនងការងារនេសាទ និងជួយកាត់បន្ថយផលប៉ះពាល់ ពីការកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាង១ហិកតាអាចផ្តល់ចំណូល ៣៥០០ដុល្លារក្នុងមួយឆ្នាំ ដូច្នេះយើងរួមគ្នាអភិរក្ស ព្រៃកោងកាងដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឱ្យនៅវង់វង្ស។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍៕







