ដោយ៖ សុផារី
មណ្ឌលគិរីៈ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម បានសហការជាមួយសង្គមស៊ីវិលកំពុងរួមគ្នាធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់តម្លៃកៅស៊ូធម្មជាតិ ដើម្បីធ្វើឱ្យការផលិតកៅស៊ូនៅកម្ពុជាកាន់តែមាននិរន្តរភាព និងជំរុញកំណើនសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញកៅស៊ូក្នុងតម្លៃជាង ៦១០ លានដុល្លារ កើន២៦ភាគរយធៀបឆ្នាំ២០២០។

ទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ កម្ពុជារកចំណូលបានប្រមាណ ៦១១,៧៧ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូក្នុងនោះបរិមាណជ័រកៅស៊ូមានចំនួន ៣៦៦ ៣០០ តោន ស្មើនឹងទឹកប្រាក់ ៦១០,២៥ លានដុល្លារ និងឈើកៅស៊ូសម្រេចបាន ៤៥៤ ម៉ែត្រគុប មានទឹកប្រាក់ ១,៥១ លានដុល្លារ។
ដើម្បីរក្សាកំណើននេះអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មបាននិងកំពុងស្វែងរកការសហការជាមួយនឹងសង្គមស៊ីវិល និងអ្នកដាំដុះកៅស៊ូនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីជំរុញឱ្យការផលិតកៅស៊ូមានស្ថិរភាពតម្លៃ និងបង្កើនការផលិតកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព។
ក្នុងសិក្ខាសាលាស្តីពីភាពជាដៃគូពហុភាគីលើខ្សែចង្វាក់តម្លៃកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពកាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅខេត្តមណ្ឌលគិរី លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូនៃអគ្គនាយកដ្ឋានកៅស៊ូ បានប្រាប់ថា ក្រសួងមានមោទនភាពដែលបានឃើញវិស័យកៅស៊ូធម្មជាតិនៅកម្ពុជាបានបោះជំហានទៅមុខមួយយ៉ាងសំខាន់ក្នុងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូពហុភាគីសម្រាប់ខ្សែចង្វាក់តម្លៃកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព។
លោកនិយាយថា “កៅស៊ូត្រូវបានចាត់ទុកជាមាសស ហើយផលិតកម្មកៅស៊ូជាឧស្សាហកម្មដ៏សំខាន់មួយដែលត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ បន្ទាប់ពីផលិតកម្មស្រូវ និងជាដំណាំយុទ្ធសាស្ត្រដែលបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថាន ពិសេសរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើតការងារ និងមុខរបរនៅតំបន់ទីជនបទ ហើយចូលរួមកាត់បន្ថយការធ្វើចំណាកស្រុក”។
លោក សេង ទៀក នាយកអង្គការ WWF បានប្រាប់ថា នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធដែលធ្វើឱ្យអាចឈានមកដល់ចំណុចបច្ចុប្បន្ននេះ។ តួអង្គពាក់ព័ន្ធសំខាន់ៗទាំងអស់មានទាំងវិស័យសាធារណៈ ឯកជន សហគមន៍មូលដ្ឋាន ក្រុមអ្នកស្រាវជ្រាវ និងសង្គមស៊ីវិល។

លោកបន្ថែមថា ដំណើរការនៃភាពជាដៃគូពហុភាគីដែលប្រព្រឹត្តទៅយ៉ាងសកម្ម នឹងអាចគាំទ្រដល់តម្លាភាព និងការតាមដាននៃខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូ ក៏ដូចលើកកម្ពស់ការអនុវត្តធុរកិច្ចដោយនិរន្តរភាព និងយុត្តិធម៌ ព្រមទាំងបង្កើនទិន្នផលកៅស៊ូ៕







