CMA និង CBC រួមគ្នាដាក់ចេញគម្រោងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង២លានដុល្លាអាមេរិក

ដោយ៖ ម៉ាលីស

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ជាមួយការិយាល័យឥណទានកម្ពុជា (CBC) ដើម្បីចូលរួមគាំទ្រដល់ គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ ស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ របស់ធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បរិយាបន្នហិរញ្ញវត្ថុ គឺសំដៅលើលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានការការពារតាមផ្លូវច្បាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងនៅថ្ងៃទី១៦ កុម្ភៈ ២០២២នេះថា តាមរយៈគម្រោងតម្លៃ២លានដុល្លាររយៈពេល៥ឆ្នាំនេះ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាចូលរួមថវិកាចំនួន ១,២លានដុល្លារ ខណៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចូលរួមថវិកាបដិភាគ ជិត១លានដុល្លារ។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឱ្យដឹងថា គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ នឹងផ្តោតអាទិភាព លើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា លើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និង ការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដោយសម្របតាមយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិ ខណៈដែលសមាគមក៏បានរៀបចំយុទ្ធសាស្ត្រប្រាំឆ្នាំរបស់ខ្លួនអោយស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិផងដែរ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានថ្លែងថា ស៊ីប៊ីស៊ីបានប្តេជ្ញាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការចូលរួមថវិកាបដិភាគជិត១លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយថវិកានេះនឹងត្រូវដាក់ចូលរួមគ្នាជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវដំណាក់កាលទី២។

លោកបន្តថា ស៊ីប៊ីស៊ី តែងតែបានជួយគាំទ្រយ៉ាងសកម្មដល់សកម្មភាពផ្សេងៗរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិង បរិយាបន្ននៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here