លោក​ គង់ វិបុល​៖ ក្រុមហ៊ុន Facebook និង​ Netflix បានទាក់ទងមកចុះបញ្ជីពន្ធដារដើម្បីអនុវត្តបង់ពន្ធ VAT រួចរាល់ហើយ​

ដោយ៖ សុផារី​

ភ្នំពេញ៖ ក្រុមហ៊ុនបរទេសធំៗដែលធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជាក្រុមហ៊ុន Netflix , Facebook បានចាប់ផ្តើមទាក់ទងមកចុះបញ្ជីជាបណ្តើរៗហើយ ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តបង់ពន្ធ អាករលើតម្លៃបន្ថែម (VAT) ខណៈដែលអគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្នុង​កម្មវិធីពិសេសស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នៅ​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានគូសបញ្ជាក់ថា “គ្រាន់តែថា បញ្ហាក្រុមហ៊ុនគេនៅមិនទាន់ ត្រៀមខ្លួនរួចរាល់ ហើយគេសុំពន្យាពេលរហូតដល់បីខែ ដូច្នេះរដ្ឋាភិបាលអនុញ្ញាតឱ្យហើយ”។ ទោះជាយ៉ាងនេះក្តីលោករដ្ឋមន្ត្រីបញ្ជាក់ ក្រុមហ៊ុនទាំងនេះ បានស្នើពេល៣ខែ ដើម្បីរៀបចំឯកសារ។

អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ ដើម្បីប្រមូលចំណូលពន្ធបន្ថែម (VAT) ពីការធ្វើពាណិជ្ជកម្មតាមអនឡាញ។

លោក គង់ វិបុល មិនទាន់អាចព្យាករណ៍បានទេថាកម្ពុជានឹងអាចទទួលបានចំណូលប៉ុន្មានលើវិស័យពាណិជ្ជកម្មតាមអនឡាញ ហេតុនេះទើបអគ្គនាយកដ្ឋានពន្ធដារជ្រោមជ្រែងឲ្យមានការបង្កើតច្រកទ្វារ internet Gateway ដើម្បីគ្រប់គ្រង និងពង្រឹងលើការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មតាមអនឡាញនេះឱ្យមានប្រសិទ្ធភាព។

ការពន្យារពេលអនុវត្តពន្ធនេះ អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ស្រេចបាច់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here