ដោយៈសុខុម
ហាណូយ: គ្រាន់តែនៅខែមករា ដើមឆ្នាំ២០២២ នេះ ប្រទេសវៀតណាម ទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) រហូតដល់ទៅជាង២,១ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៤,២% ហើយនេះជាសញ្ញាដ៏ល្អ សម្រាប់ការទាក់ទាញការវិនិយោគរបស់ប្រទេសនេះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់ទីភ្នាក់ងារវិនិយោគបរទេស (FIA)។
ក្រោយស្ទុះងើបឡើងវិញពីវិបត្តិកូវីដ-១៩ នៅចុងឆ្នាំ២០២១ក្រុមហ៊ុនសហគ្រាសជាច្រើន ដែលទទួលបានការវិនិយោគពីបរទេស ចាប់ផ្ដើមរក្សាបាននូវស្ថិរភាព និងបានពង្រីកអាជីវកម្ម ហើយបង្កើនសកម្មភាពផលិតកម្មរបស់ខ្លួន។
ទីភ្នាក់ងារវិនិយោគបរទេស (FIA) បានលើកឡើងតាមរយៈរបាយការណ៍របស់ខ្លួនថា ការបញ្ចេញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ទទួលបានកំណើន៦,៨%ដែរ ឈានដល់ជាង១,៦១ពាន់លានដុល្លារអាមេរិក អំឡុងខែទី១ ដើមឆ្នាំនេះ។
យោងតាមរបាយការណ៍នេះបង្ហាញថា គម្រោងវិនិយោគបរទេសថ្មីៗរហូតដល់ទៅ១០៣គម្រោង ត្រូវបានផ្តល់អាជ្ញាប័ណ្ណ ជាមួយនឹងដើមទុនចុះបញ្ជីសរុប ជិត៣៨៨លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាង២,២ដងបើធៀបនឹងខែមករា ដើមឆ្នាំ២០២១ បើគិតពីចំនួនគម្រោង ប៉ុន្តែធ្លាក់ចុះ៧១%បើគិតពីទំហំតម្លៃគម្រោង។
ទីភ្នាក់ងារវិនិយោគបរទេស (FIA) និយាយថា ទោះបីជាដើមទុនវិនិយោគដែលបានចុះបញ្ជីមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារកង្វះគម្រោងខ្នាតធំយ៉ាងណាក្ដី ក៏ការកំណើននៃចំនួនគម្រោងវិនិយោគថ្មីៗ បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនបរទេស មកលើបរិយាកាសវិនិយោគនៅក្នុងប្រទេសវៀតណាម។
តាមការរំពឹងទុក ការពង្រីកអាជីវកម្ម របស់ក្រុមហ៊ុនបរទេសជាច្រើនទៀត ក្នុងប្រទេសដែលជាសមាជិកអាស៊ាន មួយនេះរួមទាំងក្រុមហ៊ុនកូរ៉េ Samsung ក្រុមហ៊ុនជប៉ុន JAPEX និងក្រុមហ៊ុនឥណ្ឌា Sri Avantika Contractor ផងដែរនោះនឹងនាំមក នូវឱកាសជាច្រើនផ្សេងទៀត សម្រាប់វៀតណាម នៅក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)៕ Vietnam News៕







