ដោយៈលក្ខិណា
ភ្នំពេញៈ ថ្លែងនៅក្នុងពិធីបើកជាផ្លូវការ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រ និងជំរុញឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សានិងឯកភាព លើការបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃទី១៩ ខែមករា ២០២២ចេញពីក្រុងព្រះសីហនុ។

សម្ដេចតេជោបានបន្តថា ដើម្បីធានានូវជោគជ័យ នៃការបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាព ដោយឈរលើអត្រា នៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ ក្នុងន័យនេះ សម្ដេចសូមគាំទ្រ កម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្ដាប្រទេសអាស៊ាន និងសូមគាំទ្រនូវការដាក់ចេញ នូវយុទ្ធនាការអាស៊ាន ជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព ។
សម្ដេចក៏បានអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ានធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ ការចាក់វ៉ាក់បង្កាកូវីដ១៩គ្រប់ដូស នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ានគិតគូរពិចារណា ក្នុងការសម្របសម្រួលលក្ខខណ្ឌធ្វើដំណើរទេសចរណ៍ជាបណ្ដើរៗឡើងវិញ ដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់ ។
សម្ដេចបន្ថែមថា ក្នុងរយៈពេលខ្លីអាស៊ាន ត្រូវគិតគូរទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនអាស៊ាន ដើម្បីអាស៊ាន និងសូមគាំទ្រនូវគំនិតផ្ដួចផ្ដើម បើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជា បើកតំបន់ទាំងមូលដើម្បីស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ៕







