ការនាំចេញកសិផលរបស់ឡាវបានឈានដល់ទំហំជាង៩០០លានដុល្លារអាមេរិក

ដោយៈសុខុម

វៀងចន្ទន៍: របាយការណ៍ថ្មីៗនេះរបស់រដ្ឋាភិបាលឡាវ បានបង្ហាញថា ប្រទេសឡាវ រកចំណូលបានរហូតដល់ទៅជាង៩០០លានដុល្លារអាមេរិក ពីការនាំចេញកសិផលក្នុងឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន Laotian Times ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ មករា កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងថា នាំចេញចេកមានទំហំ២២៥លានដុល្លារ ខណៈជ័រកៅស៊ូមានទំហំ២១៤លានដុល្លារ ដំឡូងមីមានទំហំ១៩៦លានដុល្លារ អំពៅមានទំហំ២៥លានដុល្លារ និងផ្លែឪឡឹកមានទំហំ២៦លានដុល្លារ។

ទោះជាយ៉ាងណា ការផ្ទុះនូវជំងឺដុំពកស្បែកគោក្របី (Lumpy Skin Disease) ព្រមទាំងវិធានការរឹតបន្តឹងនានា ដើម្បីទប់ស្កាត់រីករាលដាលវីរុសកូវីដ-១៩ បានធ្វើឱ្យការលក់គោក្របីធ្លាក់ចុះខ្លាំង។

ប៉ុន្តែថ្វីបើបែបនេះក្ដី គោក្របីប្រមាណ៨.១០០ក្បាលត្រូវបាននាំចេញក្នុងទំហំទឹកប្រាក់២.៩លានដុល្លារអាមេរិក ដែលក្នុងនោះគោចំនួន១.៩៩២ក្បាល ហើយក្របី២១ក្បាលត្រូវបាននាំចេញទៅប្រទេសចិន។

តួលេខនៃការនាំចេញនេះ ត្រូវបានលោកបណ្ឌិត Sonexay Siphandone ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរាយការណ៍ ក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ ដែលមានការអញ្ជើញចូលរួមពីបណ្ដាសមាជិកគណៈរដ្ឋមន្ត្រី និងអភិបាលខេត្ត។

រដ្ឋាភិបាលឡាវ មានបំណងប្រែក្លាយកសិឧស្សាហកម្មរបស់ខ្លួនទៅជាសហគ្រាសពាណិជ្ជកម្មបែបទំនើប ព្រមទាំងបង្កើនការបង្កាត់ពូជ និងផលិតកម្មកសិកម្មផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ប្រទេសលើទំនិញ និងចំណីអាហារនាំចូល។

ជាង៨០%នៃការនាំចេញពីប្រទេសឡាវ ត្រូវបានដឹកចេញទៅកាន់ប្រទេសចិន។ ទោះជាយ៉ាងណា វិធានការដ៏តឹងរ៉ឹងរបស់ប្រទេសនេះ ដើម្បីគ្រប់គ្រងវិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់អ្នកនាំចេញដែលដឹកជញ្ជូនទំនិញតាមរថយន្ត៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here