ដោយៈសុខុម
អន្តរជាតិៈ កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារទាំង១០រូប ដែលមានទ្រព្យច្រើនបំផុតលើភពផែនដី មានទ្រព្យសកម្មសរុបរហូតដល់ទៅ៤០២,១៧ពាន់លានដុល្លារអាមេរិក គិតតែក្នុងឆ្នាំ២០២១កន្លងមកនេះ។

យោងតាមសន្ទស្សន៍មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ Bloomberg Billionaires Index ឱ្យដឹងថា លោក Elon Musk សហស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលប្រកាសខ្លួនឯងថាជា “ស្ដេចបច្ចេកវិទ្យាប្រចាំក្រុមហ៊ុន Tesla” បានជាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹងទ្រព្យសម្បត្តិសរុប ចំនួន២៧៧ពាន់លានដុល្លារអាមេរិក ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង១២១ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយក្រុមហ៊ុន Tesla ទទួលបានកំណើនប្រាក់ចំណេញយ៉ាងឆាប់រហ័ស។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងរហូតដល់ទៅប្រមាណ៦០%នៅឆ្នាំ២០២១ ហើយតម្លៃរបស់ក្រុមហ៊ុននេះ នៅលើទីផ្សារបានឈានដល់១ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងកាលពីខែតុលា។
ចំណាត់ថ្នាក់លេខ២ បានទៅលើលោក Jeff Bezos មេរបស់ក្រុមហ៊ុន Amazon ដែលធ្លាប់ជាមហាសេដ្ឋីមានបំផុត របស់ពិភពលោកជាមួយទ្រព្យសម្បត្តិ១៩៨ពាន់លានដុល្លារអាមេរិក ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង៤,៥៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។
និយាយពីជនជាតិម៉ាឡេស៊ី តែ២រូបគត់ដែលបានជាប់ឈ្មោះ ក្នុងសន្ទស្សន៍មហាសេដ្ឋីពាន់លានដុល្លារ Bloomberg Billionaires Index គឺលោក Robert Kuok និងលោក Tan Sri Dr Teh Hong Piow បានកើនទ្រព្យសម្បត្តិបញ្ចូលគ្នា មានចំនួន១,១១៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។
លោក Robert Kuok បានជាប់ចំណាត់ថ្នាក់លេខ១១០ ជាមួយនឹងទ្រព្យសម្បត្តិ១៨,២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទ្រព្យសម្បត្តិកើនឡើង៧៧៥លានដុល្លារ ខណៈលោក Tan Sri Dr Teh Hong Piow ជាប់ចំណាត់ថ្នាក់លេខ៣៨៦ ជាមួយនឹងទ្រព្យសម្បត្តិ៧,២២ពាន់លានដុល្លារអាមេរិក ដោយទ្រព្យសម្បត្តិកើនឡើង២២១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១៕ The Edge Markets៕







