ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់សំខាន់ៗចំនួន៣ ត្រូវបានរដ្ឋសភាជាតិ បានសម្រេចអនុម័តជាផ្លូវការហើយ ដែលសេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ ក្នុងការលើ់កកំពស់កាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជា។

សេចក្តីព្រាងច្បាប់ទាំងនោះរួមមានច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្មស្តីពីវិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រុមមន្រ្តីជំនាញចូលរួមការពារសេចក្តីព្រាងច្បាប់នេះ បានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងនេះ ត្រូវបានឆ្លងកាត់ជាច្រើនដំណាក់កាល ក្នុងសម័យប្រជុំពេញអង្គ ដោយធ្វើការត្រួតពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ បន្ទាប់មក សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ក៏បានអនុម័ត យល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងបីនេះ ដោយសម្លេងគំាទ្រជាឯកច្ឆន្ទ ១០២/១០២សម្លេង។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ដល់សម្តេចប្រធានរដ្ឋសភា និងអង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់នេះ ហើយសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ទាំង៣នេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ និងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល។
លោកបន្តថា “ក្រសួងនឹងសហការជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធជាតិ-អន្តរជាតិឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់”។
សេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម នឹងជួយសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការទៅបានរលូន មានតម្លាភាព និងមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល។
ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េវិញ នឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នា ទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងនេះ មានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទា ល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ៕







