ដោយៈម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានបើកដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលទិន្នន័យថ្មី បែបទំនើបស្របតាមស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់មួយរបស់ក្រសួងពាណិជ្ជកម្ម។

មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ជាសមិទ្ធិផលថ្មីមួយទៀត ដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងឆ្នាំ២០២១ ដែលមានសមត្ថភាព និងសុវត្ថិភាពខ្ពស់ ក្នុងពង្រីកសមត្ថភាព (Scalability) និងរក្សារឯកជនភាពទិន្នន័យ ដែលរក្សារនៅក្រសួងពាណិជ្ជកម្ម។
តាមសមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ គឺអាចធានានិងឆ្លើយតបនឹងតម្រូវការរបស់ក្រសួង បានយ៉ាងហោចណាស់៣ឆ្នាំទៅមុខទៀត ក្នុងការរក្សាទុកប្រព័ន្ធទិន្នន័យសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះបានរៀបចំជា ២ផ្នែកសំខាន់ៗ ទី១ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) ត្រូវបានរចនា និងរៀបចំឡើង ដើម្បីធានាឱ្យបាននូវដំណើរការ ប្រកបដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថិភាពរបស់ឧបករណ៍។ ក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ត្រូវបានបំពាក់ប្រព័ន្ធម៉ាស៊ីន ត្រជាក់បែបពិសេស ដើម្បីរក្សាឧបករណ៍ក្នុងសីតុណ្ហភាពសមស្រប និងមិនមានសំណើម ដែលអាចមានផលប៉ះពាល់ដល់ឧបករណ៍ទាំងឡាយ ដែលដាក់ឱ្យដំណើរការ ដូចជា ឧបករណ៍បណ្តាញ (Networking Devices) ម៉ាស៊ីនមេ (Server) និងឧបករណ៍រក្សារទិន្នន័យ (Storage)ជាដើម។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះមានបំពាក់UPS ម៉ាស៊ីនភ្លើង និងឧបករណ៍ឆ្លាស់ថាមពល អគ្គីសនីដោយស្រ័យប្រវ័ត្ត (ATS) ដែលធានាថាមជ្ឈមណ្ឌលទិន្នន័យ និងសេវាឌីជីថលនានារបស់ក្រសួង នៅតែអាចដំណើរការបាន ទោះបីមានការរអាក់រអួលរបស់ប្រព័ន្ធអគ្គីសនី ពីប្រភពណាមួយក៏ដោយ។
លើសពីនេះ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យទាំងនេះ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធ គ្រប់គ្រងបរិស្ថាន (Environment Monitoring) ដែលធ្វើការជាមួយឧបករណ៍ ចាប់សញ្ញាជាច្រើនប្រភេទ ដូចជា សញ្ញាសីតណ្ហភាពម៉ាស៊ីនត្រជាក់បន្ទប់កុំព្យូទ័រ (CRAC) ប្រព័ន្ធកំដៅខ្យល់ ប្រព័ន្ធការពារអគ្គីភ័យនិងម៉ាស៊ីនត្រជាក់ (HVAC) និងប្រព័ន្ធផ្សងៗជាច្រើនទៀត ព្រមទាំងបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
ទី២ផ្នែក Information Technology Equipments បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីសម្រាប់ត្រួតពិនិត្យ ប្រតិបត្តិការរបស់ឧបករណ៍ជំនាន់ចុងក្រោយបង្អស់ ព្រមទាំងការរក្សាទុកទិន្នន័យបែបឌីជីថល ដើម្បីធានាឱ្យបាននូវសុវត្ថភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណជន។

ឧបករណ៍ទាំងអស់នោះ រួមមាន ម៉ាស៊ីនផ្ទុកទិន្នន័យ ម៉ាស៊ីនមេ ហេ ដ្ឋារចនាសម្ព័ន្ធបណ្តាញ និងប្រព័ន្ធសុវត្ថិភាពបណ្តាញដូចជា Firewall និងឧបករណ៍ប្រឆាំងការវាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត៕







