ដោយ:សូរិយា
ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបន្តបើកសិក្ខាសាលាបណ្តុះបណ្តាលបំប៉នដល់គ្រូបង្គោល ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាព ដើម្បីធ្វើការបណ្តុះបណ្តាលគ្រូបង្គោលឲ្យពួកគាត់អាចមានចំណេះដឹងបន្ថែម ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលនៃការបើកបរប្រកបដោយសុវត្ថិភាព ហើយនឹងការបើកបរដោយសេដ្ឋកិច្ចភាព ដើម្បីបន្តបណ្តុះបណ្តាលទៅអ្នកបើកបររថយន្តដឹកកម្មករនិយោជិតដទៃទៀតនៅតាមរោងចក្រនៅកម្ពុជា។
នៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសណ្ឋាគារសាន់វ៉េ លោក អ៊ីម ពិសិដ្ឋ ប្រធានកម្មវិធី នៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានមានប្រសាសន៍ថា បន្ទាប់ពីពួកគាត់ចូលរួមសិក្ខាសាលានេះហើយ នឹងមានលទ្ធភាពចែករំលែកការបណ្តុះបណ្តាលបន្តទៅដល់អ្នកបើកបរដឹកជញ្ជូនកម្មករនិយោជិតដទៃផ្សេងទៀតនៅតាមបណ្តារោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។ ហើយអ្នកបើកបររថយន្ត (តៃកុងឡាន) ដែលបានជ្រើសរើសនោះមានចំនួន ១ពាន់នាក់ ដែលនឹងទទួលបាននូវការបណ្តុះបណ្តាលបន្តផ្ទាល់ពីខាងគ្រូបង្កោល។ លោកឲ្យដឹងថា នេះជាសិក្ខាសាលាវគ្គទី២ហើយ ដែលមានការបណ្តុះបណ្តាលបំប៉នបន្ថែមដល់គ្រូបង្គោល ដោយថ្ងៃនេះយើងបានអញ្ជើញពួកគាត់មកមានចំនួន ១២រូប មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងកំពង់ឆ្នាំង។
លោកឲ្យដឹងទៀតថា ការរៀបចំសិក្ខាសាលាដំបូងគឺឃើញថា មានការពេញចិត្តច្រើន ខណៈដែលគ្រូបង្កោលរបស់យើង ពួកគាត់បានអនុវត្តទៅមើលឃើញថាល្អ ហើយអ្នកបើកបរក៏មើលឃើញថា បានកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ ជាពិសេសគឺមានផលចំណេញច្រើនទៅលើការប្រើប្រាស់ប្រេងឥន្ធនៈក្នុងមួយខែៗ។
ជាមួយគ្នានេះ លោកបានអំពាវនាវទៅកាន់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ សូមធ្វើការសិក្សាបន្ថែមក្នុងការដឹកជញ្ជូនកម្មករនិយោជិក ដោយត្រូវធ្វើយ៉ាងណាផ្តល់អទិភាពដល់សុវត្ថិភាពរបស់កម្មករនិយោជិកជាចម្បង ហើយដោយឡែកសម្រាប់និយោជកទាំងអស់ ដែលជាថៅកែ ក៏សូមផ្តល់ការលើកកម្ពស់ដល់សុវត្ថិភាពចរាចរណ៍ ក្នុងការដឹកជញ្ជូននេះឲ្យកាន់តែប្រសើរឡើងផងដែរ។
កាលពីឆ្នាំ២០២០ កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលធ្វើដំណើរទៅមកបំពេញការងារ បានជួបគ្រោះថ្នាក់លើដងផ្លូវចំនួនជាង ២ពាន់លើក ស្មើនឹងជាង ១៨០លើក ក្នុងមួយខែ។ គួរឲ្យសោកស្តាយ កម្មករនិយោជិតចំនួន ៣០នាក់ បានស្លាប់ និងជាង ២.៧០០នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះថ្នាក់ចរចារណ៍នេះ៕







