ដោយ ៖ សុផារី
ក្រចេះ៖ ខេត្តក្រចេះជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាខេត្តគំរូ មានភាពទាក់ទាញ នៅក្នុងតំបន់ភូមិភាគឦសាន តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឱ្យកាន់តែមានគុណភាព និងបង្កើត នូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តក្រចេះ ឱ្យកាន់តែកើនឡើងទ្វេដង ។
មន្ទីរទេសចរណ៍ខេត្តក្រចេះ បានជ្រើសរើសយកធម្មជាតិជាផលិតផលដ៏សំខាន់បំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែលក្នុងបរិបទ កូវីដ១៩នេះ ប្រជាពលរដ្ឋមួយចំនួនបានផ្តោតការចាប់អារម្មណ៍ទៅលើដំណើរកម្សាន្តបែបធម្មជាតិវិញ។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា ខេត្តក្រចេះមានសហគមន៍អេកូទេសចរណ៍ដ៏មាន សក្តានុពលជាច្រើនកន្លែង ដែលសម្បូរទៅដោយធនធានធម្មជាតិដូចជា ដំណាំហូបផ្លែ ផ្កាចម្រុះពណ៌ បន្លែធម្មជាតិស្រស់ៗ ត្រី សាច់ ដែលប្រជាសហគមន៍យកទៅធ្វើជាម្ហូបប្រចាំតំបន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រមទាំងទស្សនាព្រៃលិចទឹកតាមដងទន្លេមេគង្គ ទស្សនាសត្វស្លាប ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ទស្សនាថ្ងៃរះនិងថ្ងៃរៀបលិច ស្ទូចត្រី បង់សំណាញ់ ងូតទឹកលេងកម្សាន្ត ជាដើម ។
លោកបានបន្តថា ម្យ៉ាងវិញទៀត សហគមន៍អេកូទេសចរណ៍ទាំងនោះ មានសក្តានុពលគួរឱ្យចាប់អារម្មណ៍ជាទីបំផុតសម្រាប់ភ្ញៀវដែលមក កម្សាន្ត ដោយសារជាតំបន់ដែលមានភាពស្ងប់ស្ងាត់ មានទេសភាពបែបធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ អាចបោះតង់សម្រាកតាមឆ្នេរខ្សាច់ ឬសម្រាកតាមផ្ទះស្នាក់នៅ ដែលរៀបចំដោយប្រជាសហគមន៍ ជាពិសេសបានរៀនសូត្រពីជីវិតរស់នៅរបស់ប្រជាសហគមន៍ទៀតផង ។
លោកមានប្រសាសន៍ថា “នៅសហគមន៍ដទៃផ្សេងទៀត គឺយើងយកធម្មជាតិ យកផលិតផលរបស់សហគមន៍ ធ្វើជាការលក់ទៅឱ្យភ្ញៀវទេសចរ ក៏ដូចជាកោះសាមសិប ក៏យកធម្មជាតិជាផលិតផលសំខាន់ គឺបោះតង់លើឆ្នេរខ្សាច់ដ៏សស្អាតនោះ”។ លោកបន្តថា “ការចូលរួមនេសាទត្រី ដែលការនេសាទនេះគឺមិនមែននិយាយអំពីការនេសាទបទល្មើសអ្វីទេ គឺគ្រាន់តែស្ទូចត្រីបង់សំណាញ់ដើម្បីធ្វើម្ហូបជាមួយនឹងប្រជាសហគមន៍ ក៏ដូចជាភ្លក់រសជាតិម្ហូប ដែលធ្វើដោយសហគមន៍ដែលជាម្ហូបប្រចាំសហគមន៍នោះ ហើយមួយវិញទៀត គឺការជិះទូកកម្សាន្តមើលសត្វស្លាប តាមដងទន្លេមេគង្គ មួយទៀតគឺការស្វែងយល់អំពីវប្បធម៌របស់ជនជាតិដើមភាគតិចនៅតំបន់ទាំងនោះផងដែរ”។
ខេត្តក្រចេះ មានសហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍ព្រែកជ្រៃមាំង សហគមន៍អេកូទេសចរណ៍ កោះសាមសិប សហគមន៍អេកូទេសចរណ៍កោះផ្ដៅ សហគមន៍អេកូទេសចរណ៍កោះដំបង សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ជ្រោយបន្ទាយ ជាដើម៕







