ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ រូបភាពនៃការទិញសិទ្ធិផ្ដាច់មុខពីម្ចាស់បុរី សម្រាប់ការគ្រប់គ្រងសេវាកម្មអ៊ីនធើណេតបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងបុរីមានការមិនពេញចិត្ត ដោយសារតែសេវាកម្មទូរគមនាគមន៍ ដូចជាសេវាកម្មទូរសព្ទ សេវាកម្មអ៊ីនធើណេតពី ក្រុមហ៊ុនផ្សេងៗ មានភាពរអាក់រអួលឬមិនអាចប្រើប្រាស់បាន។ ដោយហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចចាត់វិធានការចំពោះក្រុមហ៊ុនទិញសិទ្ធិផ្ដាច់មុខនូវការផ្គត់ផ្គង់សេវាកម្មអ៊ីនធើណេតនៅតាមបុរី ។
តាមសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៥ វិច្ឆិកា២០២១ ឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ ឱ្យបញ្ចប់កិច្ចសន្យាផ្ដល់សិទ្ធិផ្ដាច់មុខក្នុងការផ្គត់ផ្គងសេវាអ៊ីនធើណេតនៅតាមបុរី ដោយអនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាកម្មអ៊ីនធើណេតយ៉ាងតិច៣ ផ្ដល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែងដោយស្មើភាពគ្នានិងមានតម្លៃសមរម្យ ។
ម្ចាស់បុរីនិងប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត និងអ៊ីនធើណេត ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងនិងនិយ័តករទូរសគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលើការងារបច្ចេកទេសនិងសោភណភាពក្នុងការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធ ខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្ដល់សេវាទូរសព្ទចល័ត។
នៅក្នុងសេចក្តីសម្រេចនេះក៏បានព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំ ផ្គត់ផ្គង់ចែកចាយលក់ និងដំឡើងឧបករណ៍ស្រូបនិងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដារ និងក្លែងក្លាយដោយពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា។
ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងបុរីចាប់ផ្ដើមរអ៊ូរទាំពីបញ្ហាទំនាក់ទំនងគ្នាតាមទូរសព្ទ ដោយតំបន់ខ្លះសូម្បីតែតែហៅទូរសព្ទចេញចូលក៏អាចដែរ ចូលក្នុងបុរីភ្លាមគឺសេវាត្រូវបានកាត់ផ្ដាច់អស់ ដែលតម្រូវឱ្យម្ចាស់ផ្ទះភ្ជាប់អ៊ីនធើណេតដើម្បីធ្វើការទំនាក់ទំនងតាមបណ្ដាញសង្គមវិញ ។ រូបភាពមួយទៀតម្ចាស់ផ្ទះដែលជាអាជីវករផងនោះក៏បានដាក់ប្រព័ន្ធស្រូបសេវាដើម្បីអាចទាក់ទងជាមួយភ្ញៀវឬអតិថិជនរបស់ខ្លួនបានស្រួល។ ការណ៍នេះបានធ្វើឱ្យមានការចំណាយខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ ៕







