ធនាគារមេយប៊ែង សហការផ្ដល់ «ឥណទានគេហដ្ឋានពិសេស» ជូនដល់អតិថិជនទិញផ្ទះរបស់គម្រោងភូមិកីឡដ្ឋាន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលមានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ នៅតាមផ្លូវជាតិលេខ ៦អា និងធនាគារ មេយប៊ែង បានប្រកាសរួមនូវកិច្ចសហប្រតិបត្តិការផ្ដល់ «ឥណទានគេហដ្ឋានពិសេស» និងភាពជាដៃគូសម្រាប់គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដើម្បីជួយសម្រួលដល់អតិថិជនដែលមានបំណងវិនិយោគទិញផ្ទះរបស់គម្រោង ឲ្យកាន់តែមានភាពងាយស្រួលនិងទទួលបានឥណទានដែលល្អបំផុត ។
ធនាគារ មេយប៊ែង បានសហការនិងធ្វើជាដៃគូជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ សម្រាប់ការផ្ដល់ឥណទានគេហដ្ឋានពិសេស ដល់អតិថិជន ដែលមានបំណងវិនិយោគទិញផ្ទះ នៅគម្រោងភូមិកីឡដ្ឋាន។

លោក រ័ត្ន សោភ័ណ នាយករងប្រតិបត្តិនិងជានាយកនៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារមេយប៊ែង មានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនៃឥណទានគេហដ្ឋានពិសេស ប្រជាជនកម្ពុជាអាចស្នើសុំកម្ចីពីធនាគារមេយប៊ែង សម្រាប់កម្ចីទិញផ្ទះបានរហូតដល់៨០% ជាមួយនឹងអត្រាការប្រាក់៦.៨៨% នៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ហើយកម្ចីនេះមានរយៈពេលរហូតដល់ទៅ២៥ឆ្នាំ។”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា “ស្របតាមបេសកម្មក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ពួកយើងប្ដេជ្ញាចិត្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលជាតម្រូវការរបស់អតិថិជន ជាមួយអត្រាការប្រាក់និងរយៈពេលនៃការបង់រំលស់ពិសេស ដើម្បីក្លាយជាម្ចាស់គេហដ្ឋាន។”

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ និងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី លោក សាយមុន វ៉ាន់ឃ្លីហ្វ ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ក៏មានប្រសាសន៍ដែរថា យើងពិតជាមានកិត្តិយសណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារមេយប៊ែង ដែលនឹងផ្តល់ជាឥណទានសម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើងបន្ថែមទៀតក្នុងការទទួលបានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។

បើតាមថ្នាក់ដឹកនាំគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ អ្វីដែលកាន់តែពិសេសថែមទៀត នៅក្រោមកម្មវិធីឥណទានគេហដ្ឋានពិសេស គឺកម្ចីពីធនាគារពុំចាំបាច់មានទ្រព្យបញ្ចាំទេ ក្នុងកំឡុងពេលសាងសង់ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាការសេ្រច។

ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិ«មរតកតេជោ» ដែលជាតំបន់កំពុងអភិវឌ្ឍឥតឈប់ឈរនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលផ្ដល់នូវលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here