ដោយ៖ សុធារី
ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធ.ស.ក) SME Bank of Cambodia Plc. ត្រូវបានបង្កើតឡើងក្នុងបំណងផ្ដល់ជាជំនួយផ្នែកសេវាកម្មធនាគារពាណិជ្ជ និងសេវាកម្មហិរញ្ញវត្ថុ ដល់ម្ចាស់អាជីវកម្មធុនតូច និងមធ្យមទាំងអស់នៅក្នុងស្រុក។ ដើម្បីសម្រេចនូវគោលដៅនេះ ធនាគារនឹងជួយដល់ពួកគេដោយផ្ដោតលើផ្នែកសំខាន់ៗចំនួន ៤ គឺ៖
១ ជួយសម្រួលដំណើរការក្នុងការទទួលហិរញ្ញប្បទាន
កង្វះដើមទុនសម្រាប់ពង្រីកសាជីវកម្មគឺជាបញ្ហាចម្បងដែលសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះ ដូច្នេះហើយការយកកម្ចីពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗអាចជាជម្រើសល្អមួយ។ ក៏ប៉ុន្ដែដោយសារមិនមានឯកសារគ្រប់គ្រាន់ បូករួមមិនមានលទ្ធភាពបង់ប្រាក់សងទៀតនោះ ជាចុងក្រោយ ពួកគេក៏មិនអាចខ្ចីប្រាក់បាន។ ក្នុងប្រការនេះ លើសពីការផ្ដល់ជាហិរញ្ញប្បទាន ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក៏អាចជួយសម្រួលដល់ដំណើរការនៃការផ្ដល់កម្ចីទៅដល់ម្ចាស់អាជីរកម្មដែលជួបបញ្ហានេះដែរ។
២ ផ្ដល់ហិរញ្ញប្បទានក្នុងតម្លៃសមរម្យ
គោលការណ៍ចម្បងរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា គឺចង់ផ្ដល់ជាជំនួយផ្នែកសេវាកម្មហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ការរកស៊ីរបស់ម្ចាស់អាជីវកម្មធុនតូច និងមធ្យមទាំងអស់នៅក្នុងស្រុក ដូចនេះហើយទើបធនាគារផ្ដល់ជូននូវកម្ចីក្នុងអត្រាការប្រាក់ទាប បើប្រៀបធៀបទៅនឹងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ ប្រតិបត្តិការនេះអាចប្រព្រឹត្តិទៅបានដោយសារមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា មូលនិធិដែលមានស្ថិរភាព និងស្ថាប័នអន្តរជាតិមួយចំនួន។
៣ ផ្ដល់ការគាំទ្រផ្នែកប្រឹក្សាយោបល់អាជីវកម្ម
ជាម្ចាស់អាជីវកម្ម អាចនឹងជួបនូវបញ្ហាមួយចំនួនក្នុងការរកស៊ី តែមិនដឹងថាគួរស្វែងរកជំនួយនៅទីណា ដែលសមស្រប។ ដូច្នេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មិនត្រឹមផ្ដល់តែសេវាកម្មហិរញ្ញប្បទានតែមួយមុខប៉ុណ្ណោះទេ ពួកគេក៏មានផ្ដល់ជូននូវការប្រឹក្សាយោបល់ផ្នែកអាជីវកម្មផងដែរ។ ម្ចាស់អាជីវកម្មអាចទៅពិគ្រោះយោបល់ ដើម្បីទទួលបាននូវដំបូន្មាន ក៏ដូចជាចំណេះដឹងណាមួយពីអ្នកជំនាញ។
៤ ជំរុញការពង្រីកទីផ្សារក្នុងតំបន់
លើសពីចំណុចដែលបានរៀបរាប់ខាងលើ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាបានស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ជួយបង្កើននូវសកម្មភាពផលិតកម្មនៃសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីជំរុញឲ្យពួកគេអាចពង្រីកខ្លួនឈានជើងចូលទីផ្សារក្នុងតំបន់។ ក្នុងសកម្មភាពដំណើរការបង្កើន និងពង្រីកទីផ្សារក្នុងតំបន់នៅប្រទេសកម្ពុជា។
ជារួមមក ដោយសារ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដំណើរការស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះហើយការផ្ដល់ជូនសេវាកម្ម ក៏ដូចជាប្រតិបត្តិការផ្សេងៗ គឺត្រូវបានធ្វើឡើងដោយមានប្រសិទ្ធភាព និងលើសពីអ្វីដែលស្ថាប័នផ្សេងបានផ្ដល់ឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ដោយក្នុងនោះរួមមាន ការជួយសម្រួលដំណើរការទទួលហិរញ្ញវត្ថុ ផ្ដល់អត្រាការប្រាក់ទាប ផ្ដល់ជាសេវាប្រឹក្សាយោបល់ និងចូលរួមពង្រីកទីផ្សារក្នុងស្រុក៕







