ដោយៈ សុធារី
ភ្នំពេញៈ សាធារណរដ្ឋកូរ៉េគ្រោងនឹងផ្តល់ជំនួយមកប្រទេសកម្ពុជា តាមរយៈ គម្រោងសាងសង់ មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ និងសារធាតុគីមីលើផលិតផលសត្វ និងកាកសំណល់បសុឱសថនៅក្នុងផលិតផលសត្វ និងសត្វ។ នេះបើតាមការរាយការណ៍របស់លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services ថ្ងៃទី១១ ខែវិច្ឆិកានេះ។
ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services ដើម្បីពិនិត្យពិភាក្សាលើការសិក្សារៀបចំគម្រោងផ្តល់ជំនួយលើការពង្រឹងសមត្ថភាព សុវត្ថិភាពសាច់សត្វ សុខភាពសត្វ និងផលិតកម្មសត្វ ហើយនិងកសាងមន្ទីរពិសោធន៍ជាតិ សម្រាប់ត្រួតពិនិត្យគុណភាពសត្វ ផលិតផលបសុសត្វនៅកម្ពុជា។
លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services បានមានប្រសាសន៍ថា ជំនួយនេះ ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វ ដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញ ផលិតផលសត្វនាពេលអនាគត ដោយការអនុវត្តមានរយៈពេលប្រាំឆ្នាំ ពីឆ្នាំ ២០២៣ ដល់ ២០២៧។
តាមការប៉ាន់ស្មានថវិកាជាបឋម គឺត្រូវការថវិកាចំនួន៨លានដុល្លារអាមេរិក ដោយផ្តោតទៅលើលើការងារធំៗចំនួន៣ ដូចជា ១) ពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ និងសាច់សត្វ។ ២) ពង្រឹងសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងអនាម័យនិងភូតគាមអនាម័យ ហើយនិងបទដ្ឋានគិតិយុត្តក្រោមច្បាប់ ។៣) ការកសាងវិទ្យាស្ថានជាតិបសុសត្វ នៅកម្ពុជា។
លោក វេង សាខុន បានថ្លែងអំណរគុណកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបានល្អប្រសើជាមួយកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ក្រោយទទួលបានការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីនៅឆ្នាំ១៩៩៧។ លោកក៏បានស្នើសុំឲ្យក្រុមការងារ បេសកកម្មកូរ៉េជួយពិនិត្យមើល ពីបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកដែលអាចទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងសត្វនៅកម្ពុជានាពេលខាងមុខ។
ជាកិច្ចឆ្លើយតប តំណាងក្រុមបេសកកម្មកូរ៉េ បានយល់ព្រមទទួលយកសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយបានសន្យាថា នឹងធ្វើការសិក្សារួមបញ្ជូលទៅក្នុងគម្រោង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វរបស់កម្ពុជានាពេលអនាគត៕







