ដោយៈ សុផារី
ភ្នំពេញៈ Biz Startup ឬ ខេមរភាសាហៅថា “ធុរកិច្ចថ្មី” គឺជាពាក្យកំពុងពេញនិយមមួយនាពេលបច្ចុប្បន្ន ហើយអ្នកប្រហែលជាធ្លាប់បានឮ និងឃើញរួចហើយនៅក្នុងសារព៌ត័មាននិងបណ្តាញសង្គមជាច្រើន។ តើអ្វីទៅជាអត្ថន័យពេញនៃគឺជា Startup ឬ ធុរកិច្ចថ្មី?។
ធុរកិច្ចថ្មី គឺសំដៅទៅលើក្រុមហ៊ុនក្មេងខ្ចី ដែលបង្កើតឡើងដោយសហគ្រិនមួយ ឬច្រើន ដើម្បីបង្កើតផលិតផល ឬសេវាកម្ម ដែលប្លែកថ្មីមកអោយទីផ្សារ។ ជាធម្មជាតិនៃសកម្មភាពជំនួញបែបនេះ គឺមានហានិភ័យខ្ពស់ មានដើមទុនតិចតួច ហើយការចំណាយដំបូងគឺតែងតែបានមកពីការប្រមូលពីស្ថាបនិក មិត្តភក្កិ និងបងប្អូនសាច់ញាតិខ្លួនឯង។
ចង់បង្កើតធុរកិច្ចថ្មីមួយ គឺជារឿងពិបាកទេ?
ពិតជាលំបាក ព្រោះផលិតផល ឬសេវាកម្ម ដែលអ្នកបង្កើតត្រូវមានភាពច្នៃប្រឌិតខ្ពស់ ទាមទារការសិក្សាស្រាវជ្រាវ ការតេស្តសាកល្បង និងការស្វែងរកទីផ្សារអោយបាន។ ផលវិបាកដ៏ធំបំផុតមួយ ដែលធុរកិច្ចថ្មីណាក៏ជួបប្រទះនោះគឺផ្នែកហិរញ្ញវត្ថុ។
តើអ្វីដែលអាចរាប់ជាធុរកិច្ចថ្មីទេ?
វាអាចជាធុរកិច្ចថ្មីបាន ប្រសិនបើទម្រង់អាជីវកម្មអ្នក មានភាពខុសប្លែកពីបែបផែនអាជីវកម្មបុរាណ។ អ្នកប្រហែលជាត្រូវរៀបចំ របៀបទុកដាក់សម្ភារៈថ្មី ការលក់បែបថ្មី ការធ្វើទីផ្សារបែបថ្មី ហើយប្រហែលជាត្រូវទាញយកផលប្រយោជន៍ ពីប្រព័ន្ធបច្ចេកវិទ្យាអោយបានច្រើន។ ធុរកិច្ចថ្មីដែលមានគោលដៅទីផ្សារធំ គឺមានឱកាសស្វែងរកប្រាក់វិនិយោគ បានកាន់តែធំ ខណៈធុរកិច្ចថ្មីដែលមានគោលដៅតូច ឬមធ្យម គឺអាចស្វែងរកប្រាក់វិនិយោគតិចតួចប៉ុណ្ណោះ។
ធុរកិច្ចថ្មី ដែលមានទម្រង់អាជីវកម្មច្បាស់លាស់ មានគម្រូផលិតផលឬសេវាកម្ម នោះ នឹងអាចទទួលបានការមូលនិធិពីប្រភពធំៗបីមាន ទី១. កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ប្រាក់ជំនួយពីរាជរដ្ឋាភិបាល ស្ថាប័នក្នុងនិងក្រៅប្រទេស និងអង្កការមិនស្វែងរកប្រាក់ចំណូល។
ទី២. Incubator គឺជាដៃគូរសហការ ដែលតែងតែផ្តល់ការបង្វឹក ផ្តល់កន្លែងធ្វើការ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគ ក៏ដូចជាទម្លាក់ប្រាក់ឧបត្ថម្ភ។ ទី៣. អ្នកវិនិយោគ (Venture Capitalist/ Venture Capital) ដែលពួកគេតែងតែទម្លាក់លុយវិនិយោគ ទៅលើធុរកិច្ចថ្មីណា ដែលមានសក្កានុពលខ្ពស់ មានការសន្យាច្បាស់លាស់ និងអាចបំពេញគោលដៅបាន៕







